Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី ជម្រុញអភិបាលស្រុកជាំក្សាន្តដែលទើបកាន់តំណែងថ្មី ឲ្យពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចរាល់ មុនឆ្នាំ២០២៥

ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ជម្រុញ អភិបាលស្រុកជាំក្សាន្តដែលទើបកាន់តំណែងថ្មី ឲ្យពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចរាល់ មុនឆ្នាំ២០២៥ ។

ប្រសាសន៍លើកឡើងដូច្នេះ ធ្វើឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសលោក ចិន ខន្តី ពីអភិបាលរងស្រុកជាំក្សាន្ត ទៅជាអភិបាលស្រុកជាំក្សាន្ត ជំនួសលោក វុធ តារ៉ា អភិបាលស្រុកចាស់ ដែលទទួលមរណៈភាព​ ដោយរោគាពាធ។

ក្រៅពីការជម្រុញខាងលើ ឯកឧត្តម គីម រិទ្ធី ក៏បានសម្តែងក្តីអបអរសាទរចំពោះលោក ចិន ខន្តី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកជាំក្សាន្ត នាពេលនេះ និងបានផ្តាំផ្ញើផងដែរដល់លោកអភិបាលស្រុកថ្មី ធ្វើយ៉ាងណាអនុវត្តនូវតួនាទី ភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរ ជាពិសេសផ្តល់សេវា និងដោះស្រាយវិវាទនានានៅមូលដ្ឋានអោយបានឆាប់រហ័ស ៕
ដោយ ៖ រ៉ាស៊ី