Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរបានបញ្ជប់ ពលករខ្មែរធ្វើការនៅប្រទេសថៃសម្រុកទៅថៃវិញ តាមច្រកប៉ោយប៉ែត មួយថ្ងៃពី ៣ទៅ៤ពាន់នាក់

បន្ទាយមានជ័យ ៖ រយៈ២ថ្ងៃ ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបញ្ចប់ ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលបានមកចូលរួមបុណ្យចូលឆ្នាំ នៅស្រុកកំណើត កំពុងសម្រុកទៅប្រទេសថៃវិញ មួយថ្ងៃពី៣ទៅ៤ពាន់នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបាននគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្របសម្រូលផ្តល់ភាពងាយស្រួល និងចែកទឹកសុទ្ធដូចកាលកន្លងទៅ ។

តាមការអោយដឹងពីមន្រ្តីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយកម្លាំងបន្តអនុវត្តតាមផែនការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ របស់អគ្គអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃ លើការសម្របសម្រួលដល់ការធ្វើដំណើរចេញចូល របស់ពុកម៉ែបងប្អូនជាពលករខ្មែរអោយបានឆាប់រហ័ស និងមិនមានការយកលុយអ្វីឡើយ។ បន្ថែមពីលើការសម្រួលអោយពួកគាត់បានចេញ ដោយងាយស្រួល និងឆាប់រហ័ស សមត្ថកិច្ច បានចែកជូននូវទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ប្រភព បានអោយដឹងទៀតថា ពលករខ្មែរដែលកំពុងសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ គឺ ទើបតែរយៈពេលពីថ្ងៃទេ គឺ ចាប់ពីថ្ងៃទី១៧ និង១៨ម្សិលមិញ ដែលក្នុងមួយថ្ងៃពួកគាត់នាំគ្នាចេញទៅវិញចន្លោះ ពី៣ពាន់នាក់ ទៅ៤ពាន់នាក់។

សូមបញ្ជក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើការសម្របសម្រួល ជាមួយរដ្ឋាភិបាលថៃ និងបានឯកភាពគ្នាលើកលែង តម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។ ការលើកលែងតម្លៃសេវានេះ គឺ សម្រាប់ពលករកម្ពុជា ដែលមានលិខិតឆ្លងដែន / លិខិតធ្វើដំណើររបស់ ពលករកម្ពុជា ទៅធ្វើការនៅបរទេស និងមានទិដ្ឋការការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧ សភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឲ្យស្នាក់នៅ ក្នុងប្រទេសថៃ មានសុពលភាពក្រោយពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ៕