Connect with us

ព័ត៌មានអន្តរជាតិ

រថយន្តមួយទឹករបស់ជប៉ុនជាច្រើនគ្រឿងត្រូវទឹកកករុំជិតឈឹង ពេលមកដល់កំពង់ផែប្រទេសរុស្ស៊ី ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងខុសធម្មតា

បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា រថយន្តជប៉ុនរាប់សិបគ្រឿងដែលបានមកដល់កំពង់ផែរបស់ប្រទេសរុស្ស៊ី ត្រូវបានទឹកកករុំជិតរហូតដល់កម្រាស់ ៦ អ៉ីញ ដោយសារអាកាសធាតុនៅតាមផ្លូវត្រជាក់ខ្លាំងពេក និងមានខ្យល់បក់ខុសពីធម្មតា។ រថយន្ដម៉ាក Toyota និង Honda ជាច្រើនត្រូវបានគេឃើញថា ត្រូវបានទឹកកកក្រាស់ៗរុំជិតឈឹង នៅពេលមកដល់ទីក្រុង Vladivostok ដឹកមកដោយនាវាដឹកទំនិញ Sun Rio Ro-Ro ។ រថយន្តទាំងនោះបានកកខ្លាំងក្នុងសីតុណ្ហភាព -១៩ អង្សាសេ ដូច្នេះហើយវាត្រូវការរថយន្តសណ្ដោង ដើម្បីមកសណ្ដោងរថយន្តចុះពីនាវានោះ។

គួរឱ្យដឹងដែរថា រថយន្ត​​ជជុះ​របស់ជប៉ុនកំពុង​ពេញ​និយមខ្លាំង​ក្នុង​ប្រទេស​រុស្សី បើ​ទោះ​បី​ជា​រថយន្ត​ត្រូវបើកខុសខាង ដោយសារតែប្រទេសជប៉ុនប្រើរថយន្តចង្កូតស្តាំ ហើយរុស្ស៉ីប្រើចង្កូតឆ្វេងក៏ដោយ។ ចំណែកឯទឹកកកលើនាវាគឺកើតឡើងដោយសារតែខ្យល់សមុទ្រ និងសីតុណ្ហភាពខ្យល់ក្រោមសូន្យ ដែលអាចនាំឱ្យមានការកើនឡើងនៃកំណកទឹកកក ធ្វើឱ្យមិនមានលំនឹង និងបង្កើនហានិភ័យនៃការក្រឡាប់នាវា។ ទឹកសមុទ្របានជះមកលើនាវា និងរថយន្តនៅលើនោះ ដែលធ្វើឱ្យរថយន្តមានភាពសើម ហើយអាចកកើតទៅជាទឹកកកក្រាស់ៗរុំជិតរថយន្តទាំងនោះ៕