Connect with us

ព័ត៌មានជាតិ

អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ក្នុងករណីគ្រឿងញៀន ទៅតុលាការផ្តន្ទាទោសតាមច្បាប់

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាតខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការបង្រ្កាបករណីនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដោយដំបូងឃាត់មនុស្សប្រុសម្នាក់ គួរឱ្យសង្ស័យ សួរនាំ និងធ្វើការឆែកឆេរលើខ្លួនបុរសនោះ រកឃើញគ្រឿងញៀនប្រភេទទឹកកក ចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ក្រោយមកកម្លាំងរបស់លោកបាននាំខ្លួនជនសង្ស័យឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។

ក្រោយសាកសួរ ជនសង្ស័យ បានសារភាពថា បងធម៌របស់ខ្លួន បានប្រើឱ្យខ្លួនទាក់ទងទៅមនុស្សម្នាក់ទៀតដើម្បីយកគ្រឿងញៀនពីខ្លួន ។ ដោយបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការឃាត់ខ្លួនបន្តបន្ទាប់បានជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ព្រមទាំងដកហូតគ្រឿងញឿនមួយចំនួនបន្ថែមទៀតសរុប គ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ ៕