Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ណែនាំដល់រដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តខិតខំទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់

ខេត្តបាត់ដំបង! ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

យោងតាមប្រកាសស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរលោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្ដឧត្តមមន្រ្ដីថ្នាក់លេខ៥ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ និងបានតែងតាំងលោក ខុង យ៉ាត់លួង ឋានន្តរស័ក្ដិអនុមន្រ្ដីថ្នាក់លេខ៤ ឱ្យមកកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ជំនួសវិញ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បានណែនាំដល់រដ្ឋបាលស្រុកក៏ដូចជាកងកម្លាំងដែលនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវតែបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយត្រូវប្រឹងប្រែងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់មិនថាពីប្រទេសថៃចូលមកខេត្តបាត់ដំបង ឬពីខេត្តបាត់ដំបងចូលទៅថៃ ពិសេសត្រូវពិនិត្យមើលប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ដែលប័ណ្ណនេះមានសុពលភាពតែមួយថ្ងៃតែប៉ុណ្ណោះពោលគឺមិនអនុញ្ញាតឱ្យមានការស្នាក់នៅប្រទេសថៃឡើយ ដូចនេះត្រូវទប់ស្កាត់ខ្លាចក្រែងប្រជាពលរដ្ឋមួយចំនួនប្រើប្រាស់ប័ណ្ណនេះចូលស្នាក់នៅរាប់ថ្ងៃមិនត្រឡប់មកវិញ ក្នុងនោះបញ្ហាជួញដូរមនុស្សក៏ត្រូវតែធ្វើការទប់ស្កាត់ផងដែរ ។

ឯកឧត្តមបានបន្តទៀតថា មិនត្រឹមតែទប់ស្កាត់ការឆ្លងដែនខុសច្បាប់តែប៉ុណ្ណោះទេ គឺត្រូវព្យាយាមស្វែងរកមេខ្យល់ដែលតែងតែនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីធ្វើការចាប់ខ្លួននិងដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ និងបន្តទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរអាវុធក៏មិនត្រូវឱ្យមានការសកម្មភាពអសកម្មនេះកើតមានឡើយ និងត្រូវធ្វើការទប់ស្កាត់ទំនិញខុសច្បាប់ ទំនិញគេចពន្ធនានាគ្រប់ប្រភេទតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រករបៀងនានាដែលធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋ ។

បន្ថែមពីនេះឯកឧត្តម ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន មន្រ្ដីគយ ឬមន្រ្ដីដែលពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាទៅវិញទៅមក ក្នុងន័យគឺជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។