Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធទិវាជាតិ២០ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ប៉ៃលិន​ ៖​នៅព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២​ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តប៉ៃលិន​ បានរៀបចំប្រារព្ធទិវាជាតិ ២០ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ )នៅបរិវេណវត្តរតនសោភ័ណ្ឌ​ ហៅវត្តកោងកាង​ ។

ពិធីនេះ មានការអញ្ជើញជាអធិបតី ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ អុី ឈាន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយខេត្ត​ប៉ៃលិន​ ឯកឧត្ដម​ សៅ​ សារ៉ាត់​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​ ឯកឧត្ដម​ ជា​ ចាន់ឌិន​ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន​ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ តាជី​យាយជី​ សិស្សានុសិស្ស​ យុវជនកាយរិទ្ធ យុវជន​សសយក​ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាល នៃគណៈអភិបាលខេត្ត អានសន្ទរកថា​ របស់សម្តេចអគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ “ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ “”

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ អ៊ី​ ឈាន​ បានមានប្រសាសន៍ថា ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹក​ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ –៧ មករា ១៩៧៩)។ គោលបំណង នៃទិវាជាតិនៃការចងចាំ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។

គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការសម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕