Connect with us

សន្តិសុខ និង សង្គម

មន្ដ្រីជំនាញ ចុះចាប់រថយន្ដមួយគ្រឿង​លួចនាំជ្រូក​ពីវៀតណាម មក​កាន់​កម្ពុជា ​តាមច្រកប្រាសាទ ក្រុង​ស្វាយរៀង

ស្វាយរៀង៖ មន្ដ្រីជំនាញ និងផ្នែកពាក់ព័ន្ធ ចុះស្ទាក់ចាប់រថយន្ដដឹកអ្នកដំណើរ​មួយគ្រឿង​ ដែលលួចនាំជ្រូក​ពីប្រទេសវៀតណាម មក​កាន់​កម្ពុជា ​តាមច្រកប្រាសាទ ក្រុង​ស្វាយរៀង ដោយគ្មានច្បាប់អនុញ្ញាត។

ប្រតិបត្តិការនេះ ធ្វើឡើង​នៅវេលាម៉ោង ២២ និង១០នាទីយប់ ឆ្លងចូលព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដោយ​មានការ​សម្រប​សម្រួល​នីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​ខេត្តស្វាយរៀង ឱ្យ​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការ​ជាមួយ​ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ​ ​មន្ដ្រីជំនាញ ស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ទឹកប្រាក់ ជាប្រភេទ​រថយន្តដឹកឣ្នក​ដំណើរ ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន ២០ក្បាល ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បម្រុងនឹងយកទៅចែកចាយនៅ​ក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រុមការងារបាននាំយក​បទ​ល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក​សត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕