Connect with us

ព័ត៌មានជាតិ

ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយចែកជូន ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២២៧គ្រួសារ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយទៅចែកជូន ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២២៧គ្រួសារ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា និងអាជ្ញាធរពាក់ពន្ធ័ ទូទាំងខេត្តបន្ទាយមានជ័័យ ដែលតែងតែយកចិត្តទុកដាក់ បំពេញ តួរនាទី ភារកិច្ចការងារស្នូល ការងារសង្គម និងការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវ ខណៈដែលប្រជាពលរដ្ឋ កំពុងជួបគ្រោះទឹកជំនន់ និងត្រូវការជំនួយបំផុត ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ។ ហើយត្រូវហាមប្រាម ណែនាំកុមារតូចៗ កុំឲ្យលេងទឹកជៀសវាង មានការធ្វេសប្រហែស អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដែលនៅជិតដើម្បីជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា អំណោយត្រូវបានចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងមួយគ្រួសារទទួលបាន ឃីត១, ត្រីខ៥កំប៉ុង, មី១កេះ, ទឹកត្រី ៣ដប, ទឹកស៉ីអ៉ីវ៣ដប, អង្ករ១០គីឡូក្រាម, ទឹកសុទ្ធ៣ដប, ថ្នាំពេទ្យ១កញ្ចប់, សារុង០១ និងថវិកា២ម៉ឺនរៀល ៕