Connect with us

ព័ត៌មានជាតិ

ប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ស្ដីពីអន្តោប្រវេសន៍

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង ស្តីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ ស្ដីពីអន្តោប្រវេសន៍ ។

កិច្ចប្រជុំនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកស្នងការរង ប្រធានការិយាល័យជំនាញ លោកអធិការទាំង១៤ ក្រុង . ស្រុក .លោកមេប៉ុស្តិ៍ .និងម្ចាស់បើកអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្សេងៗជាច្រើននាក់ផងដែរ ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន មានប្រសាសន៍ថា ដោយសារមានសុខសន្តិភាព បានធ្វើអោយប្រទេសជាតិ មានការរីកចម្រើននៅគ្រប់មូលដ្ឋាន ពិសេសខេត្តបាត់ដំបង សំបូរទៅដោយ សណ្ឋាគារ ផ្ទះសំណាក់ និងរីសតជាច្រើន ហើយក្នុងនោះលំហូរចូលនូវភ្ញៀវទេសចរណ៍បរទេស មកស្នាក់នៅជាច្រើន  ក្នុងនោះក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ និងប្រកាសអន្តរក្រសួង ស្តីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ ស្ដីពី អន្តោប្រវេសន៍ ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អប្រសើរ និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ពិសេសគោលនយោបាយវប្បធម៌ផ្សេងៗ របស់រាជរដ្ឋាភិបាល ធ្វើអោយកំណើនបរទេស ជាអ្នកវិនិយោគ ភ្ញៀវទេសចរណ៍បរទេស និងជនបរទេសអន្តោប្រវេសន៍ក៏មានច្រើនគួអោយគាត់សំគាល់ ។

ដោយឡែក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវត្តតាមសេចក្តីណែនាំលេខ១២៧.ស.ណ.ន ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចុះណែនាំផ្សព្វផ្សាយ នៅតាមបណ្តារោងចក្រ សហគ្រាសឯកជននានា និងចុះស៊ើបជនអន្តោប្រវេសន៍ ស្តីពី ច្បាប់អន្តោប្រវេសន៍ និងច្បាប់ ស្តីពី ការងារជាច្រើនបន្តបន្ទាប់រហូតមក ដែលនាំអោយការគ្រប់គ្រងជនអន្តោប្រវេសន៍ក្នុងខេត្តបាត់ដំបង មានភាពល្អប្រសើរ តែក្នុងនោះក៏កត់សម្គាល់ឃើញថា បើទោះជាមានការចុះអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏ពួកគាត់មួយចំនួននៅមិនបានចូលរួមគោរពច្បាប់ ស្តីពី អន្តោប្រវេសន៍ និងច្បាប់ ស្តីពី ការងារនោះឡើយ ។

ដើម្បីសម្រេចបានជោគជ័យ លើការអនុវត្តតាមប្រកាសអន្តរក្រសួងខាងលើ ក្នុងនាមជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងធ្វើការណែនាំដល់ថ្នាក់ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក  និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ អោយយកចិត្តទុកដាក់បន្តលើកកម្ពស់សមត្ថភាពជំនាញ និងការគ្រប់គ្រងជនបរទេស ដែលមានវត្តមាននៅក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន អោយបានម៉ឺងម៉ាត់ដោយអនុវត្តវិធានការច្បាប់ ៕
ដោយ ៖ សាលី