Connect with us

ព័ត៌មានជាតិ

ពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងស្រុកសង្កែ

ខេត្តបាត់ដំបង! ពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាតសរុបចំនួន ៣០គ្រួសារ រស់នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនដែលមានលោក យុត សុភ័ណ្ឌ និងលោកស្រី ម៉ាក យ៉ារិន ហៅស្មី ព្រមទាំងបុត្រាបុត្រី មកពីឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសចុះនាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋជាជនចាស់ជរាដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ លោកស្រី ម៉ាក យ៉ារិន ហៅស្មី បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមគ្រួសារលោកស្រីបានចំណាយនូវថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសជនចាស់ជរាដែលកំពុងជួបការលំបាក ហើយបើទោះបីជាអំណោយវាមានតិចតួចក៏ពិតមែន តែវាអាចជួយសម្រាលដល់បងប្អូនបានមួយគ្រាផងដែរ។

ជាកិច្ចឆ្លើយតបប្រជាពលរដ្ឋទាំងអស់បាន សម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោកស្រីដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសជនចាស់ជរាដែលជួបការលំបាកខ្វះខាតនាពេលនេះ ក៏ដូចរយះពេលកន្លងមក និងសូមជូនពរអោយក្រុមគ្រួសារលោកស្រីទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តនាំយកអំណោយចែកជូនដល់ពលរដ្ឋបន្តទៀត។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន -អង្ក , សារ៉ុង , ប៊ីចេង , ជែល ,ស្ករ ,ខ្ទឹម ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,សាប៊ូ ,ត្រីខ ,ខ្លាញ់ ,មី ,និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ។