Connect with us

ព័ត៌មានជាតិ

ជនពិការ ៤៩៨នាក់​ ទទួលបាន របបគោលនយោបាយ ជនពិការក្រីក្រ ពីសម្តេច​តេជោ​ ហ៊ុន​ សែន​

បន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ មានពិការភាព ៤៩៨នាក់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ របស់សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីផ្តល់របបគោលនយោបាយនេះ ធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារចំការតាដោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្ដីពី របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ដែលអនុក្រឹត្យនេះ មានវិសាលភាពចំពោះជនពិការ ដែលមានកម្រិតពិការធ្ងន់ធ្ងរគ្មានទីពឹង, ជនពិការចាស់ជរាក្រីក្របំផុត​គ្មានទីពឹង និងជនពិការមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្រីក្របំផុត​គ្មានទីពឹង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតឲ្យមានគណៈកម្មការគ្រប់គ្រង របបគោលនយោបាយចំពោះសហគមន៍សម្រាប់ថ្នាក់រាជធានី-ខេត្តទៀតផង ។

ឯកឧត្ដម​ បន្ត​ថា​ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ពិសេសធ្វើឲ្យជីវភាពរស់នៅ របស់ជនពិការ និងគ្រួសារ មានភាពប្រសើរឡើង គោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ និងលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់​ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាព ស្ត្រីពិការ កុមារពិការ និងជនពិការគ្រប់ប្រភេទ ។

គួរបញ្ជាក់ថា​ បងប្អូនជនពិការ ដែលត្រូវទទួលបានរបបគោលនយោបាយ ខាងលើ មានចំនួន៤៩៨នាក់ ក្នុងនោះ ជនពិការក្រីក្រកម្រិតធ្ងន់ មានចំនួន​៣១៦នាក់ (ទទួលរបបគោល នយោបាយចំនួន១២ខែ), ជនពិការកម្រិតមធ្យមចំនួន ១៨២ នាក់ (ទទួលរបបគោលនយោបាយចំនួន ០៦ខែ) សរុបទឹកប្រាក់ផ្ដល់ជូន មានចំនួន ៩៧.៦៨០.០០០រៀល (កៅសិបប្រាំពីរលាន ហុកសិបប្រាំបីម៉ឺនរៀលគត់) ៕