Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកខេត្តប៉ៃលិន

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សនៅខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអានសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកសមាជិការគណបក្ស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាជនយ៉ាងល្អ ធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយនានា ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍លើកឡើងថា រាល់ខ្លឹមសារនៃឯកសារនានា ដែលគណបក្ស បានសម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗ និងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់ ក្នុងគោលបំណងត្រូវការចំណុចសំខាន់មួយដ៏ធំបំផុត គឺការឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីគណបក្ស និងរាជរដ្ឋាភិបាល មានលទ្ធភាព យកខ្លឹមសារទាំងនេះទៅអនុវត្តជាក់ស្ដែង ដែលនាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ។

ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ ផ្ដល់នូវទស្សនទានជូនដល់អង្គពិធីដែរ អំពីសភាពការណ៍អន្តរជាតិ ហើយទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុចអាល បំប៉ោង បំភ្លៃការពិត ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គម ដើម្បីបម្រើមហិចតា ផ្ដូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត គណៈកម្មាធិការគណបក្សខេត្ត និងបណ្ដាយន្តការគណបក្សផ្សេងទៀត នឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គម ពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យជាបន្តទៀត នូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ៕