Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺប្រាប់អភិបាលស្រុកទើបឡើងថ្មីឱ្យតាំងខ្លួនជាអ្នកបម្រើរាស្ត្រ មិនមែនតាំងខ្លួនជាចៅហ្វាយនៃរាស្ត្រនោះទេ

កំពង់ស្ពឺ៖ មន្ត្រីរាជការទាំងអស់ បើបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលស្រុកគឺត្រូវតែបម្រើរាស្ត្រ តាំងខ្លួនជាខ្ញុំកញ្ជះរាស្ត្រ បំពេញគ្រប់តម្រូវការដែលរាស្ត្រចង់បាន គឺមិនមែនតាំងខ្លួនជាចៅហ្វាយនៃរាស្ត្រនោះទេ។នេះជាការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីនៃអភិបាលស្រុកបេសដ្ឋ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថា បុគ្គលដែលទទួលបានការតែងតាំងហើយធ្វើការមិនទទួលខុសត្រូវ គឺមិនអាចកាន់តំណែងបន្តទៀតបានទេ និយាយរួមដាក់ស្រួល ដកស្រួល ឬជួនកាលដាក់មិនបាន តែអាចដកបាន ។ក្នុងន័យនេះគឺសុំឱ្យបងប្អូនជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវតែយកអស់កម្លាំងកាយចិត្តក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់ថាសម្តេច ស ខេង បានថ្លែងណែនាំរួចហើយ មានបុគ្គលចំនួន៤សំខាន់ក្នុងការបម្រើសេវាជូនពលរដ្ឋក្នុងនោះ មានមេឃុំ មេប៉ុស្តិ ស្មៀន និងមេភូមិ។ បុគ្គលទាំងបួននេះសំខាន់ណាស់ នៅកន្លែងការងារគេហៅថាជាម៉ែជាឪរបស់ប្រជាពលរដ្ឋ ប៉ុន្តែកុំគិតនិងតាំងខ្លួនជាម៉ែជាឪ ត្រូវគិតនិងតាំងខ្លួនជាអ្នកបម្រើរបស់ពួកគាត់ តែត្រូវគ្រប់គ្រង់គាត់ ហើយបើជាម៉ែជាឪត្រូវមើលកូនឱ្យបានស្មើៗគ្នា ទោះកូននោះខូចឬខិលក៏ដោយគឺត្រូវតែមើល កែតម្រង់ ណែនាំគ្នា។មួយវិញទៀតសង្គមការងារថ្វីត្បិតមានការហត់នឿយតែមិនអាចគេចវេសឬផ្តេកផ្តួលទេ ក្នុងនាមជាថ្នាក់ដឹកនាំ ជាអ្នកបម្រើ គឺត្រូវតែខំគ្រប់គ្នា។ការងារច្រើនតែមិនអាចផ្តេកផ្តួលបានទេ បើយើងពាក់មន្ត្រីហើយគឺត្រូវតែបម្រើសេចក្តីត្រូវការ សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់មិនអាចទៅពឹងអ្នកណាក្រៅពីយើងទាំងអស់គ្នានោះទេ ជៀសវាងពាក្យថាពេលត្រូវការសន្លឹកឆ្នោតតាំងដើរសំពះសុំ ហើយពេលរួចរាល់តាំងពើងទ្រូងហើយរកលេសរវល់នេះរវល់នោះដើម្បីគេចវេសពីការផ្តល់សេវាជូនពួកគាត់។

សូមបញ្ជាក់ថា លោក សំអឿន សុខបញ្ញា ត្រូវបានតែងតាំងជាអភិបាលស្រុកបសេដ្ឋជំនួសលោក ឈឺន សុធន ដែលត្រូវដកមកកាន់រដ្ឋបាលខេត្តក្រោយមានបញ្ហារឿងឃុបឃិតលក់ដីអាងរបស់រដ្ឋទៅឈ្មួញ ហើយទទួលបានការព្រមានពីអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ACU។នៅក្នុងពិធីប្រកាសនោះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏បានឧបត្ថម្ភម៉ូតូពីរគ្រឿងនិងថវិកាជិត២ពាន់ដុល្លាដល់យុវតី២រូបដែលទទួលបានជ័យលាភីជាសិស្សជាប់លេខ១ទូទាំងប្រទេសផ្នែកនិពន្ធនិងស្មូតដែលអ្នកទាំង២មកពីវិទ្យាល័យរលាំងឈូកនៃស្រុកសំរោងទងនិងវិទ្យាល័យសម្តេចឪសម្តេចម៉ែបសេដ្ឋនៃស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។