Connect with us

ព័ត៌មានជាតិ

ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូមិនទាន់កែច្នៃបានចំណូលជិត៩០លានដុល្លារ

ភ្នំពេញ៖ កម្ពុជានាំចេញកៅស៊ូបានជាង ៦,៥ ម៉ឺនតោន ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ទទួលបានចំណូលជិត ៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ មិនទាន់កែច្នៃ ។

របាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បង្ហាញថា ចំណូលពីការនាំចេញជ័រកៅស៊ូ ក្នុងត្រីមាសទី១ មានចំនួន ៨៩ ០៧៥ ៨៣៩ដុល្លារ ។

ក្នុងត្រីមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ ១ ៣៥១ដុល្លារក្នុង១តោន ថយចុះ ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%

កម្ពុជា បាននាំចេញកៅស៊ូមិនទាន់កែច្នៃ ទៅទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហាបុរី និងចិន។

ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជា ទទួលបានចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕