Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលនៃសាលាខេត្តបាត់ដំបង

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលនៃសាលាខេត្តបាត់ដំបង។

ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីសុខាភិបាលចំណុះរដ្ឋបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ នៃនីតិកាលទី៦ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣នេះ ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីអំពីសភាពការណ៍សាកលដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់  ហើយសម្រាប់កម្ពុជាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា សមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

សម្ដេចបានគូសបញ្ជាក់បន្ថែមថា ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមទិសដៅការងារសំខាន់ៗ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលសម្ដេចអះអាងគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ៕
ដោយ ៖ សាលី