Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់ទៅតុលាការ ពាក់ព័ន្ធ​ករណីលួចទ្រព្យសម្បតិ្តអ្នកដទៃ

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចទ្រព្យសម្បតិ្តអ្នកដទៃ ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ ឯក ចាន់ត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ​២០២៣​ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចចូលក្នុងផ្ទះ របស់ជនរងគ្រោះឈ្មោះ សោម ម៉ីម៉ី ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកម៉ាស៊ីនបំលែងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ) ចំនួន០១គ្រឿង និងកន្ទេល០១ កាលពីវេលាម៉ោង២៣ និង០០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។

លោកបន្តថា ករណីនេះសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង ម៉ាស៊ីនបំលែងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ) ចំនួន០១គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញផងដែរ ។

ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕