Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ សមត្ថកិច្ចកម្ពុជា-ថៃ បើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ​ លើកទី២៩

សៀមរាប​ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣​ អាជ្ញាធរ សមត្ថកិច្ចកម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ​ លើកទី២៩ នាសណ្ឋាគារ អង្គរម៉ារីខល ក្រុងសៀមរាប ខេត្តសៀមរាប​ ។

ប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ ចំណែកប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និធិ​ អ៉ិងខាក់សុវណ្ណ នាយសេនាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន នៃអង្គប្រជុំរួម ។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពកងទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ​ រវាងយោធភូមិភាគទី៥​កម្ពុជា​ និងកងទ័ពភូមិភាគទី១ថៃ សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ.លើកទី២៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្រេច ក្រោមអធិបតីភាព នៃសហប្រធានកម្ពុជា-ថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លេវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅសណ្ឋាគារ អង្គរម៉ារីខល ក្រុងសៀមរាប ខេត្តសៀមរាប​ ៕