Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេ ចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស

បន្ទាយមានជ័យ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

លោក បានថ្លែងថា ក្នុងរយៈកាល ៤៤ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប ប៉ុល ពត ដូចជាការជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរស់ឡើងវិញពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩  បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ផ្តល់ឱកាសក្នុងការអភិវឌ្ឍរួមគ្នាដូចជាការសិក្សារៀនសូត្រ ការផ្តល់សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គមចាំបាច់នានា។

លោកថ្លែងថា៖«សមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺដោយសារគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ហើយតាមរយៈគោលនយោបាយទាំងនេះ គឺពិតជាបានធ្វើឱ្យប្រជាពលរដ្ឋមានសុភមង្គល និងមានជីវភាពធូរធា ដោយសារប្រមុខថ្នាក់ដឹកនាំរបស់គណបក្ស បានគិតគូរគ្រប់ជ្រុងជ្រោយតាមវិធីសាស្ត្រផ្តល់ផលប្រយោជន៍រួមដល់គ្រប់គ្នា «វិធីសាស្ត្រមើលព្រៃទាំងមូល»។

លោកគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន ។

លោកបានបន្តថា  គណបក្សប្រជាជនកម្ពុជាមានភារកិច្ច០៣ សំខាន់គឺ ទី១ បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន, ទី២.កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងទី៣. រៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ លោកបានណែនាំក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១ការពារបក្ស ការពារសមិទ្ធផលរបស់ និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ ទី២ វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរបស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និងទី៣ វាយលុកតាមរយៈការខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ ៕