Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង បន្តសំណេះសំណាលជាមួយកងកម្លាំង មន្រ្ដីរាជការ លោកគ្រូ អ្នកគ្រូ និងមន្រ្ដីជាប់កិច្ចសន្យានៃមន្ទីរ-អង្គភាព ក្នុងខេត្តបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្ដីរាជការ សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យានៃមន្ទីរ អង្គភាពក្នុងខេត្តបាត់ដំបង សរុបចំនួន ២,៩៨៣នាក់ នៅក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងបាត់ដំបង ដែលបានតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយ  ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំ បន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ៕
ដោយ ៖ សាលី