Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជួបការលំបាក ៣,០០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប

បាត់ដំបង ៖ នៅថ្ងៃចុងសប្តាហ៍នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន ៣,០០០គ្រួសារ នៅទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

នាឱកាសនោះ លោក ណម វណ្ណា  តំណាងអោយក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប បានមានប្រសាសន៍ថា នៅក្រោមដំបូលសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចំរើនលូតលាស់រៀងរាល់ថ្ងៃ និងជាទីមោទនៈភាព ដោយពិនិត្យឃើញពីសក្តានុពល សេដ្ឋកិច្ចនិងកសិកម្មនៅខេត្តបាត់ដំបង ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប បានជ្រើសរើសយកទីតាំងក្នុងទឹកដីឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដើម្បីធ្វើជាទីតាំងអភិវឌ្ឍន៍ប្រែក្លាយអោយតំបន់នេះមានភាពស្រស់បំព្រង នៅក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលផងដែរ។

លោកបន្តថា ក្នុងនោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប មានគោលបំណងបី និងសំណើមួយ ទី០១-ការអភិវឌ្ឍលើវិស័យកសិឧស្សាហកម្មអោយមានភាពរីកចំរើនដូចអច្ឆរិយៈប្រទេសនានានៅលើសកលលោក ក៏ដូចជាប្រទេសនៅជិតខាងរបស់យើងផងដែរ ,ទី២-កាត់បន្ថយចំណាកស្រុក ,ទី៣-កាត់បន្ថយភាពក្រីក្រ និងទី៤-ស្នើសុំការចូលរួមកិច្ចសហប្រតិបត្តិការ និងបង្កភាពងាយស្រួលគ្រប់រូបភាពពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន និងជាពិសេសពីសំណាក់លោកតា លោកយាយ បងប្អូនទាំងអស់នៅក្នុងតំបន់នេះផងដែរ។

ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន៣,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើនមិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក  ។

ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ និងសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ និងជៀសអោយឆ្ងាយពីគ្រឿងញៀន។ អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារទទួល -អង្ករ ២៥គីឡូក្រាម ,មីមួយកេស ,សារុងមួយ ,ក្រមាមួយ ,និងថវិកា ៤០០០០រៀល ៕
ដោយ ៖ សាលី