Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ផាន់ ចាន់ធុល ផ្តល់ឯកសណ្ឋានថ្មី រួមទាំងសម្ភារៈ និងថវិកា ដល់ប្រជាការពារឃុំព្រៃខ្ពស់ ស្រុកបវេល

បាត់ដំបង ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង និងលោកជំទាវ ហុង សុភាវី អនុប្រធាន រួមនិងក្រុមការងារកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាការពារ នៅឃុំព្រៃខ្ពស់ ព្រមទាំងឧបត្ថម្ភឯកសណ្ឋានថ្មី រួមទាំងថវិកា សម្ភារៈមួយចំនួន ដើម្បីបង្កើន ប្រសិទ្ធភាព ការងាររបស់ប្រជាការពារ ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ លើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា ៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេស ការដាក់ឲ្យអនុវត្តន៍នូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ អំឡុងពេលដែល មេរោគកូវីដ-១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារ គឺមានភារៈកិច្ចការពារសន្តិសុខនៅក្នុង មូលដ្ឋាន របស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល បានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀន ផងដែរ ដែលភារៈកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួមចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បី ធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជា ប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួម ការពារ សមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្ពស់ និងស្រុកបវេល បានឧបត្ថម្ភ ឯកសណ្ឋានថ្មី ១២៨ កំភ្លេ, អាយកូមចល័ត ៥០គ្រឿង, អាយកូមធំប្រចាំការ ១ឈុត, អំពូលសូឡា ៦ដើម, អង្ករ ១១០០គីឡូ, ថវិកា ៤.៤០០.០០០រៀល, និង ថវិកាសាងសង់ប៉ុស្តិ៍ប្រជាការពារ ៤០០$ ផងដែរ ៕