Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ពហិកាមិនគាំទ្រ ឱ្យមានល្បែងស៊ីសងក្នុងខេត្ត

កំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ មិនមែនជាខេត្តបើកល្បែងស៊ីសងនោះទេ ខេត្តនេះជាខេត្តអ្នកប្រាជ្ញ ប្រជាពលរដ្ឋជាអ្នកខិតខំរកស៊ីទទួលទាន និងសិក្សារៀនសូត្រ និយាយរួមជាខេត្តដែលមានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម ធ្វើការងារមិនសង្វាតជាមួយល្បែងស៊ីសង ផ្សងសំណាងនោះទេ ។

នេះបើតាមការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង បានលើកឡើងថា លោកមិនចូលចិត្តជាមួយនឹងការបើកឱ្យមានស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោកនាំគ្នាលេងល្បែងនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោយបាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងារគ្រាដែលរោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានបណ្តុំរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំពេញនិងមានប្រជាពលរដ្ឋប្រមាណជិត២០ម៉ឺននាក់កំពុងប្រកបការងារនៅតាមបណ្តារោងចក្រ សហគ្រាសទាំងនេះ។ ដូច្នេះ លោកចង់ឃើញពលរដ្ឋរបស់លោកផ្លាស់ប្តូរជីវភាព តាមរយៈការងារនៅតាមបណ្តារោងចក្រ សហគ្រាសខាងលើ ដោយមិនចង់ឃើញពួកគេ ងប់ងុលនិងល្បែងស៊ីសង ជាប់បំណុលរុំកោះ និងគ្មានសេចក្តីសុខក្នុងក្រុមគ្រួសារ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសំណូមពរដល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំពង់ស្ពឺ ទោះជាល្បែងនោះមានច្បាប់ក៏ដោយ។

ល្បែងស៊ីសងគឺនាំមកនូវភាពវិនាសហិនហោចនិងកើតមានហឹង្សាក្នុងគ្រួសារ កើតមានភាពអសន្តិសុខ ចោរកម្ម ឆក់លួចប្លន់ បាត់បង់អស់សន្តិសុខក្នុងមូលដ្ឋាន។

ជាមួយនោះដែរលោកក៏បានបញ្ជាក់បន្ថែមថា ដោយសារតែសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកបានបញ្ចប់ទាំងស្រុងនូវការផ្សព្វផ្សាយស្រាបៀ ហើយលើកនេះក៏ពហិកាមិនគាំទ្រដល់ការបើកល្បែងស៊ីសងក្នុងខេត្តដែរ ទោះល្បែងនោះមានច្បាប់អនុញ្ញាតក៏ដោយចុះ ព្រោះលោកចង់ឃើញពលរដ្ឋរបស់ខ្លួនរស់នៅដោយស្នាមញញឹមនិងសុភមង្គល។

សូមបញ្ជាក់ផងដែរថា ខត្តកំពង់ស្ពឺកន្លងមក មានទីតាំងល្បែងស៊ីសងរហូតដល់ទៅ១៥៦កន្លែង  តែក្រោមបទបញ្ជាដ៏តឹងរឹងរបស់អភិបាលខេត្ត ល្បែងទាំងនោះក៏បានបិទអស់ចំនួន១៥៣ទីតាំង លើកលែងតែ៣ទីតាំងប៉ុណ្ណោះដែលនៅបន្តបើកក្រោមហេតុផលអាជ្ញាប័ណ្ណ។បច្ចុប្បន្ន អភិបាលខេត្តបាននិងកំពុងសុំឱ្យក្រសួងពាក់ពន្ធ័ពិនិត្យនិងសម្រេចបញ្ឈប់ឬផ្ទេរទីតាំងទាំង៣នេះពីខេត្តកំពង់ស្ពឺផងដែរ៕

ដោយ ៖ ប៊ុត សារុន