Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ធ្វើក្រុងពាលីសុំសេចក្ដីសុខ ដើម្បីរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ២០២៤

បាត់ដំបង ៖ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ ក្នុងរយៈដ៏ខ្លីខាងមុខ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំក្រុងពាលីសុំសេចក្ដីសុខ ដើម្បីរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅខាងមុខរូបសំណាកលោកតាដំបងក្រញូង ស្ថិតក្នុងក្រុងបាត់ដំបង ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំសង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ រយះពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងនោះដែរឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះឱ្យកាន់តែអធិកអធមថែមទៀត ពិសេសរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង ស្រុកទាំង១៤ ក៏ដូចជាផលិតផលក្នុងស្រុក ការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ រៀបចំតំបន់ត្រជាក់ចិត្តឱ្យបានល្អដោយត្រូវធ្វើការគិតគូរទាំងសុវត្ថិភាពជូនដល់អ្នកដែលបានមកលេងកំសាន្តនៅតំបន់នេះ និងយកចិត្តទុកដាក់បន្ថែមលើការរៀបចំទៅតាមតំបន់សំខាន់ៗនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ខាងមុខនេះ ។

ក្នុងនោះក៏ត្រូវពង្រឹងដល់សន្ដិសុខ សណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីផ្ដល់នូវទំនុកចិត្តរបស់គាត់ លេងកំសាន្តក្រុងបាត់ដំបង ដោយមិនមានភាពភ័យខ្លាចផ្នែកសន្ដិសុខឡើយ៕
ដោយ ៖ សាលី