Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស អញ្ជើញកាត់ខ្សែបូឆ្លងប្រាសាទជ័យមង្គលព្រះសិរ្យអាមេត្រី(ប្រាសាទប្រាំបីទិស)លើ ភ្នំយ៉ាត

ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស កាលពីថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូឆ្លង ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍ (ទ្វារប្រាំបី) ស្ថិតនៅវត្តគីរីរតនារាមហៅវត្តភ្នំយ៉ាត ក្រុងប៉ៃលិន។

ពិធីនេះក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ជាមួយនិងការអភិវឌ្ឍគ្រប់វិស័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏មិនភ្លេចអរគុណសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ ពិសេសផ្នែកព្រះពុទ្ធសាសនា ហើយនៅតំបន់នេះពីមុន គឺជា សមរភូមិប្រយុទ្ធកន្លែងដាក់អាវុធតែឥឡូវក្លាយជាប្រាសាទដស្រស់ ជាកន្លែងទេសចរណ៍បែបសាសនា សំរាប់ភ្ញៀវទេសចរណ៍កម្សាន្ត និងគោរពបូរជា។

ហើយក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍នេះ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ប្រមាណជិត១ម៉ឺននាក់ មកលេងកម្សាន្ត និងទស្សនាក្នុងពិធីបុណ្យសម្ពោធឆ្លងប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍(ទ្វារប្រាំបី) វត្តគីរីរតនារាម ហៅ វត្តភ្នំយ៉ាត ស្ថិតនៅលើភ្នំយ៉ាតក្រុងប៉ៃលិន។ នេះបើយោងតាមការអះអាងពីមន្ត្រីបរិស្ថានដែលប្រចាំការបូកសរុបនៅទីនោះ។ ភ្ញៀវទេសចរណ៍មកកម្សាន្តនៅលើភ្នំយ៉ាតនេះបានកោតសរសើ ទឹកដៃរូបចម្លាក់ក្បូរក្បាច់រចនាផ្សេងៗសុទ្ធតែបញ្ជាក់ពីព្រះពុទ្ធសាសនាដែលបានបន្សល់ទុកសំរាប់ពុទ្ធសានិកប្រតិបត្តិ ចំណែកពណ៌វិញមើលទៅដូចមាសឆ្អិនឆ្អៅផុសលើភ្នំភ្លឺចាំងចែងគួរអោយគយគន់។

តាមសង្ឃដីកា ព្រះចៅអធិការវត្តភ្នំយ៉ាតព្រះនាម រិន ផល្លា បានអោយដឹងថា ប្រាសាទជ័យមង្គលព្រះសិអារមេត្រីយ៍ (ទ្វារប្រាំបី) ត្រូវបាន កសាង ឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ជាគំនិតផ្តួចផ្តើម របស់ព្រះរតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្ត ប៉ៃលិន និងព្រះចៅអធិការវត្តគិរីរតនារាម (ភ្នំយ៉ាត) និងក្រោមការសម្របសម្រួល និងជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម អ៊ុ ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ។

ចាប់ពីពេលនោះមកសំណង់ក៏បានចាប់ផ្តើមកើតឡើងម្តងបន្តិចៗ ដោយមានការយកចិត្តទុកដាក់ចូល ជាថវិការតិចច្រើនពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកស្រី ញាតិញោមជិត ឆ្ងាយ ក្នុងស្រុក ក្រៅស្រុក ទៅតាមសទ្ធា ទោះពេលខ្លះជួបឧបសគ្គខ្លះៗ ក៏លោកឪចាន់ គង់ លោកអាចារ្យ គណៈកម្មការ ក៏នៅ តែពុះពារ ប្រឹងប្រែងពុះពារ រហូតបានជោគជ័យ រួចរាល់ជាស្ថាពរ ដូចដែលចក្ខុរបស់ឯកឧត្តម លោកជំទាវ ញាតិញោមឃើញនៅនិងមុខជាសក្ខីតាង នៅជំនាន់អាត្មាភាព នាពេលនេះ។

ប្រាសាទនេះ កសាងអស់ ថវិកាសរុប ចំនួន៣៦០.០០០ $ (សាមសិបប្រាំមួយម៉ឺនដុល្លារ) ហើយបច្ចុប្បន្ន វត្តនៅជំពាក់ ថ្លៃជាងសំណង់ និងគ្រឿងសំណង់សរុបចំនួន ៥៤.០០០$ (ប្រាំម៉ឺនបួនពាន់ដុល្លារ) ទៀត ដែលមិនទាន់បានទូទាត់រួចរាល់។ ខណ:បានកសាងរួចជាស្ថាបពរនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕