Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំង គណៈសង្ឃវត្ត អាចារ្យគណៈកម្មការវត្ត សុភមង្គល

បន្ទាយមានជ័យ ៖ ព្រះសមណៈញ្ញាណ ណាប់ ម៉ឺនព្រះរាជាគណៈថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ មានសង្ឃដីកាក្នុងពិធីប្រកាសតែងតាំងគណៈសង្ឃអាចារ្យគណៈកម្មការវត្តសុភមង្គលសង្កាត់អូបអំបិល ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ថា ដើម្បីឲ្យនៅតាមវត្តអារាម មានសុខសន្តិភាព គ្មានជម្លោះអធិករកើតឡើង ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អរវាងព្រះសង្ឃអាចារ្យគណៈកម្មការ ។

លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានលើកឡើងថា ពិធីប្រកាសតែងតាំងអាចារ្យគណៈកម្មការនៅថ្ងៃនេះ គឺ មានសារៈសំខាន់ណាស់ ដោយមើលឃើញនៅតថភាពជាក់ស្ដែងនៃសង្គមខ្មែរនាពេលបច្ចុប្បន្ននេះមានការគោរពលើសាសនាព្រះពុទ្ធ ដ៏លើសលប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ភាគច្រើនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈគោរពស្រឡាញ់ ដោយផ្អែកលើគោលការណ៍ចំបង ដែលញ៉ាំងសត្វលោកឲ្យតក់ស្លុតសង្វែកខ្លាចរកអា ស្អប់ខ្ពើមទង្វើអាក្រក់មានបាបបុណ្យគុណទោសទាំងឡាយទាំងពូជាដើម ដោយសំអាងលើទ្រឹស្ដីកម្មផល គឺ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ដូចនេះ ការប្រកាសតែងតាំងនៅថ្ងៃនេះ គឺ ត្រូវរួមគ្នាសាមគ្គីទទួលខុសត្រូវ លើភារកិច្ចរៀងៗខ្លួន ។

លោក ស្រេង  សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៧  ទទួលបានភាពជោគជ័យ ។

ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា តម្លៃនៃព្រះពុទ្ធសាសនាសម្រាប់ ឱ្យមនុស្សគ្រប់រូបស្គាល់នូវសីលធម៌ គុណធម៌ កំចាត់ភាពល្ងង់ បង្កើតនូវអ្នកប្រាជ្ញ ដូចបានដឹងហើយថា ទីអារាម គឺជា កន្លែងបណ្ដុះនូវបញ្ញាញ្ញាណ ។

ចុងក្រោយព្រះសមញ្ញាណ  ណាប់ ម៉ឺន ក៏បានធ្វើការផ្ដាំផ្ញើដល់គណគណៈកម្មការ ត្រូវបន្តពង្រឹងគុណភាពក្នុង ការដឹកនាំគ្រប់គ្រងពុទ្ធសាសនាជៀសវាងប្រកាន់បក្សពួកបង្កអធិករ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿ ៕