Connect with us

ព័ត៌មានជាតិ

ចិនបានផ្អាករាល់ការនំាចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយសារតែការរំដោះទឹកសំណល់ចេញពីរោងចក្រហ្វុគុស៊ីម៉ាដាយអិឈិ

ប្រភព៖ AFP

ចិន៖ ប្រទេសចាប់ផ្តើមដាក់បំរាមកាលពីថ្ងៃព្រហស្បតិ៍ចំពោះប្រភេទអាហារសមុទ្រនំាចូលទំាងអស់ចេញពីប្រទេសជប៉ុន ចំពោះអ្វីដែលខ្លួនបានលើកឡើងថា វាជាភាពអាត្មានិយម ដោយសារតែការរំដោះសំណល់ទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគូស៊ីម៉ាដែលធ្លាប់មានរឿងរ៉ាវរំភាយវិទ្យុសកម្មកន្លងមក។

បើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងបានលើកឡើងនៅថ្ងៃនេះថា ប្រទេសជប៉ុនចាប់ផ្តើមធ្វើការរំដោះទឹកដែលមានជាតិពុលបានធ្វើប្រព្រឹត្តិកម្មរួចរាល់ចេញពីរោងចក្រថាមពលចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងថា ជាប្រតិបត្តិការមានសុវត្ថិភាព ប៉ុន្តែការរំដោះទឹកក្រោយពេលធ្វើប្រព្រឹត្តិកម្មរួចរាល់ក្តី ក៏ត្រូវទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រទេសចិន។

ពាក់ព័ន្ធនឹងរឿងនេះដែរ ក្រសួងការបរទេសចិនបានហៅការរំដោះទឹកចេញនោះថាជា “រឿងអាត្មានិយម និងជាទង្វើមិនទទួលខុសត្រូវ” ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការធ្វើបែបនេះវានឹងនំាឱ្យមានហានិភ័យដល់ពិភពលោកទំាងមូល និងបង្កឱ្យមានការឈឺចាប់សម្រាប់មនុស្សរាប់សិបជំនាន់ក្រោយៗបន្តទៀត។

អាជ្ញាធរគយរបស់ប្រទេសចិនបាននិយាយដែរថា ខ្លួននឹងផ្អាកចំពោះផលិតនំាចូលជាប្រភេទអាហារសមុទ្រដែលផលិតចេញពីប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ខែសីហា ឆ្នំា២០២៣តទៅ ក្នុងនោះរាប់បញ្ចូលទំាងក្រុមមច្ឆជាតិដែលអាចបរិភោគបានផងដែរ។

អគ្គរដ្ឋបាលគយដដែលបានលើកឡើងបន្ថែមទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើងដើម្បីរារំាង និងទប់ស្កាត់ហានិភ័យសុវត្ថិភាពអាហារចេញពីការបំពុលដោយវិទ្យុសកម្មដែលបណ្តាលមកពីការរំដោះសំណល់ទឹកចេញពីរោងចក្រថាមពលហ្វុគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ ម្យ៉ាងទៀត ដើម្បីការពារសុខភាពអតិថិជនចិន និងធានាការនំាចូលអាហារប្រកបដោយសុវត្ថិភាព។

ទីក្រុងប៉េកំាងបានផ្អាកការនំាចូលអាហារពីប្រទេសជប៉ុនចេញពីដែនដីចំនួន១០កន្លែង នៅក្នុងចំណោមដែនដីផលិតប្រមាណជា ៤៧កន្លែងកាលពីខែកក្កដាកន្លងទៅ។

តាមរបាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ចិនបាននំាចូលអាហារសមុទ្រពីប្រទេសជប៉ុនកាលពីឆ្នំាមុនមានទំហំជាទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារអាម៉េរិក។

គួររំលឹកផងដែរថា កាលពីឆ្នំា២០១១ កន្លងទៅ ម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣នៅឯរោងចក្រថាមពលនុយក្លេអ៊ែរហ្វុគូស៊ីម៉ាដាយអិឈិ ស្ថិតនៅភាគឦសានប្រទេសជប៉ុនបានរំភាយវិទ្យុសកម្មបន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិទ្រង់ទ្រាយធំ ដែលកាលពីពេលនោះ បណ្តាលឱ្យស្លាប់មនុស្សប្រមាណជា១៨,០០០នាក់។

បន្ទាប់ពីនោះមកក្រុមហ៊ុនប្រតិបត្តិករតិបកូ(TEPCO) បានប្រមូលយកទឹកដែលមានជាតិពុលដោយសារតែការរំភាយវិទ្យុសកម្មនោះបានរហូតដល់ទៅ១.៣៤លានម៉ែត្រត្រីគុណ ឬស្មើនឹងទំហំទឹកនៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានរហូតដល់ទៅចំនួន៥៤០អាងឯណោះ។ ចំពោះការរំដោះចេញនូវសំណល់ទឹកនេះ ត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិផងដែរ៕