Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ទូទាំងខេត្តប៉ៃលិនទូងស្គរ  អបអរសាទរ ការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទូងស្គរ ដើម្បី អបអរសាទរ ការដាក់បញ្ចូលរមនីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និង គ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះ ត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន បានសម្តែងនូវការអបអរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ប្រាសាទកោះកេរ របស់ខ្មែរ ត្រូវបានគណៈ កម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានជាសម្បត្តិបេតិកភណ្ឌពិភព លោក នាពេលនេះ ព្រមទាំងបានគោរពកោតសរសើរ ថ្លែងអំណរគុណដ៏ជ្រាល ជ្រៅ បំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាល ទី ៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោម ព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារ សុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិ មាតុភូមិ ។

សូមជម្រាបថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ ព្រះរាជាណាចក្រកម្ពុជា មានតំបន់បេតិកភណ្ឌ ពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន ៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ ៤០,០០០ហិកតា, ប្រាសាទ ព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ ៣៩,០០០ហិកតា ៕