Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើសុំឲ្យទីម័រខាងកើតបញ្ជាទិញអង្ករ និងអាច​មកវិនិយោគរោងម៉ាស៊ីនស្រូវ ​នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងការចាប់យកវិស័យសេដ្ឋកិច្ច ​ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាច​មកវិនិយោគទាំង​ខាងម៉ា​ស៊ីនស្រូវ ​ទាំងខាងឃ្លាំងស្តុកស្រូវ ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បី​ជាសេរីភាពសម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ទៅកាន់ប្រទេសទីម័រខាងកើត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​និងជាប្រធានអាស៊ាន មានប្រសាសន៍បែបនេះ ក្នុងឱកាស​អនុញ្ញាតឱ្យលោកជំទាវបណ្ឌិត អាដាហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស ប្រទេសទីម័រ​ខាង​កើត ចូលជួប​សំដែង​ការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ។

ក្នុងនោះ សម្ដេច ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ​ពិចារណាលើកិច្ចសហប្រតិបត្តិការ​ត្បូងត្បូង ​ជា​ពិសេសពិនិត្យឱ្យមានកិច្ចព្រម ​ព្រៀង​គាំពារវិនិយោគ​ រវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រ​វាងប្រទេសទាំងពីរ ​និងកិច្ចព្រមព្រៀងមិន ​យកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ។

សម្ដេចតេជោ​ បានផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ ​នៃប្រទេសទីម័រខាងកើត ហើយ​ក៏បានជូនពរឱ្យដំណើរការរៀបចំការបោះឆ្នោត​ប្រធានាធិបតីរបស់ទីម័រ​ខាង​កើត​នាពេលខាងមុខ ទទួល​បានជោគជ័យ ​និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំង​នៅ​ក្នុងក្របខ័ណ្ឌទ្វេភាគី និង​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក​​នៃប្រទេសទាំងពីរ។

ក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពីភពលោក (WTO) និងជាសមាជិកអាស៊ានឱ្យបានឆាប់។

លោកស្រី បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក្នុងការដឹកនាំកម្ពុជា​ឱ្យមានសុខសន្តិភាពសេរីភាព​ និងការអភិវឌ្ឍលឿនជាទីបំផុត៕