Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ នៅក្នុងខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា‌

(បាត់ដំបង)! នៅដើមត្រីមាសទី៤នេះ មានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យមានផលប៉ះពាល់ដល់ស្រែ ចំការ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង នៃខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

ក្នុងឱកាសនេះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា បានផ្តល់អំណោយចំនួន៣ទីតាំងគឺស្មើនិង ៥៣៨គ្រួសារ៖ ដែលក្នុងនោះមានស្រុកបវេល ចំនួន ២៥៨គ្រួសារ /ស្រុកភ្នំព្រឹក ចំនួន ១៤០គ្រួសារ និងស្រុកកំរៀង ចំនួន ១៤០គ្រួសារ ដែលគ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។ ឆ្លៀតក្នុងឱកាសនោះដែរ នៅទីតាំងទី២ ឯកឧត្តម បានប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនព្រះចៅអធិការវត្តគីរីសង្វាពេជ្រភ្នំតូចផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៦ខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន៕