Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺណែនាំឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីសុខមាលភាពពលរដ្ឋនិងបរិស្ថាន

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋពិសេសស្ត្រីមេផ្ទះឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ ដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅក្នុងខេត្ត។ការណ៍នេះធ្វើឡើងគ្រាដែលដឹកនាំមន្ត្រីរាជការចំណុះមន្ទីរជុំវិញវិញខេត្ត សិស្សានុសិស្សប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និង យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស់តិចទេ “ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នៅបរិវេណវេទិការខេត្តកំពង់ស្ពឺ។

លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងថាដើម្បីកាត់បន្ថយកម្រិតនៃការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមកនៅត្រឹមអប្បរមា មន្ទីរបានសហការជាមួយរដ្ឋបាលក្រុង ស្រុកបានរៀបចំយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទៅដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅតាមសាលារៀន។ដោយក្នុងនោះចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ ការផ្សព្វផ្សាយបានធ្វើលើ៥ក្រុង-ស្រុករួចហើយគឺក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកថ្ពង ស្មើនឹង៧៧សាលារៀនហើយថ្ងៃនេះក៏មានគ្រប់គ្រឹះស្ថានរដ្ឋ និង ឯកជន ទូទាំងខេត្តចំនួន ៤៥៤គ្រឹះស្ថានសិក្សាបានចូលរួមយុទ្ធនាការនេះផងដែរ។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងថា ស្របពេលដែលប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន សង្គមកាន់តែចាយវាយកាន់តែច្រើននិងងាកទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួលដូចជាផលិតផលប្លាស្ទិកដែលប្រើតែម្តងហើយបោះចោល។ជាមួយនោះសំណល់ប្លាស្ទិកដែលបានកើនឡើងខ្ពស់ក៏ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារឬសម្ភារផ្សេងៗនិង ខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។

លោកបញ្ជាក់ថាថង់ប្លាស្ទិកបានប្រើពេលវេលាយ៉ាងហោចណាស់១០០០ឆ្នាំដើម្បីរលាយទៅក្នុងធម្មជាតិ ដែលនេះជាពេលវេលាដ៏យូរបំផុតដែលវាអាចកប់នៅក្នុងដី។ថង់ប្លាស្ទិកវាបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

លោក វ៉ី សំណាង បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដោយងាកទៅប្រើទម្លាប់បែបបុរាណវិញ កន្ត្រកជំនួសឱ្យថង់ប្លាស្ទិកដើម្បីដាក់ម្ហូបអាហារឬនំចំណី និងរបស់ប្រើប្រាស់ផ្សេងទៀត។

អ្នកស្រី កែវ ស៊ីថា បានអះអាងថា ការប្រើប្រាស់ថង់ប្លាស្ទិកពិតជាមានភាពងាយស្រួលក្នុងការវេចខ្ចប់ម្ហូបអាហារឬអីវ៉ាន់ផ្សេងៗ ដោយមិនចាំបាច់កាន់កន្ត្រកពេលដែលគាត់ទៅផ្សារ។គាត់អាចដាក់របស់របរផ្សេងៗពីគ្នាដោយការប្រើប្រាស់ថង់ប្លាស្ទិក។វាបានផ្តល់ភាពងាយស្រួល ហើយតំលៃថោកទៀតផង។ទោះបីយកកន្ត្រកទៅផ្សារក៏អ្នកលក់នៅតែដាក់ថង់ឱ្យដដែល។

យុវជនស.ស.យ.ក កញ្ញា ឡេង ម៉ាណា ក៏បានលើកឡើងថាមានមនុស្សជាច្រើនបានដាក់កំហុសទៅលើមូលហេតុនៃបម្រែបម្រួលអាកាសធាតុ ប៉ុន្តែពួកគាត់មិនបានគិតដល់ទង្វើខ្លះដែលធ្វើឱ្យអាកាសធាតុប្រែប្រួលនោះទេ។ ជាការពិត សកម្មភាពមនុស្សគឺជាកត្តាចម្បងបំផុតដែលធ្វើឱ្យអាកាសធាតុមានការប្រែប្រួល។ជាទូទៅមនុស្សភាគច្រើន តែងតែភ្លេចក្រឡេកមើលទៅលើបញ្ហាតូចៗដែលបង្កជាមហន្តរាយដ៏អាក្រក់ដែលផ្តើមចេញពីការប្រើថង់ប្លាស្ទិក។

យុវតី ឡេង ម៉ាណា បានដាស់តឿនដល់យុវជនជំនាន់ក្រោយ ឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ ហើយជំនួសមកវិញការទម្លាប់នៃការវេចខ្ចប់អាហារក៏ដូចសម្ភារៈដោយស្លឹកចេកឬស្លឹកឈូកដើម្បីសុខភាពយើង បរិស្ថានយើងនិងប្រទេសជាតិយើង។