Connect with us

ព័ត៌មានជាតិ

ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ៥ធ្នូ ២០២៣

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវា ជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការចូលរួមពីសំណាក់លោកជំទាវ ឆាន់ ចាន់សោភា អនុប្រធាន តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។

បើតាមរបាយការណ៍សង្ខេបរបស់ លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាបានបញ្ជាក់ថា ក្រុមយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់ ជាកម្លាំងចលករពុំអាចខ្វះបានរបស់ចលនា និងបានបំពេញការងារមនុស្សធម៌យ៉ាងសកម្ម ជាមួយសាខាកាកបាទក្រហមលើវិស័យអាទិភាពទាំង៤ រួមមាន ៖ ១-ការគ្រប់គ្រងគ្រោះហន្តរាយការ អាកាសធាតុ, ២-ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣-លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃ មនុស្សធម៌ និងទី៤-ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន។

លោកជំទាវ ឆាន់ ចាន់សោភា បានឡើងអាននូវសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រោមប្រធានបទ ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍ ដែលមានអត្ថន័យខ្លឹមសារថា ការប្រារព្ធទិវាអ្នកស្ម័គ្រចិត្ត ដ៏មានសារៈសំខាន់នេះ មានគោលបំណងសម្តែងនូវការទទួលស្គាល់ នូវស្នាដៃនិងផ្តល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្តនៅពេលវេលារបស់អ្នកស្ម័គ្រចិត្ត រាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខ នៅតាមមូលដ្ឋាននៅថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី គាំទ្រគ្នាទៅវិញទៅមក យ៉ាងមមាញឹកនិងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុនោះទៀត សុខុមាលភាពសង្គម អោយរីកចម្រើនក្នុង សុខសន្តិភាពរបស់ភពផែនដីយើងនេះ ។

តំណាងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តនៅតាមភូមិ ឃុំ សរុបជាង៥ម៉ឺននាក់ ទូទាំងប្រទេស សូមថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អស់លោកលោកស្រីបងប្អូនអ្នកស្ម័គ្រចិត្ដយុវជនកាកបាទក្រហមទាំងអស់ដែលបាន ខំប្រឹងប្រែងយ៉ាងស្វិតស្វាញដោយពុំខ្លាច នឿយហត់ជម្នះរាល់ឧបសគ្គនិងបញ្ហាប្រឈមនានាចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនឹងការលើកកម្ពស់សីលធម៌សង្គមលើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាពលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះអប់រំផ្សព្វផ្សាយបន្សាំខ្លួននឹងទប់ស្កាត់ការប្រែប្រួលអាកាសធាតុដើម្បីភាពធន់សហគមន៍តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំសង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះធ្វេីសកម្មភាព មិត្តអប់រំមិត្ត និង មិត្តជួយមិត្ត ៕