Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនធានទឹក រំពឹងថា គម្រោងស្តារ និងកែលម្អឡើងវិញ ប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹក នឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃ

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោ ជេដ្ឋា បានថ្លែងថា គម្រោងស្តារនិងកែលម្អឡើងវិញ ប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹកខាងលិចទន្លេសាប និងភាគនិរតីរាជធានីភ្នំពេញ នឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រព ដល់ការងារបង្កបង្កើនផល កាត់បន្ថយទឹកជំនន់ និងការប្រើប្រាស់ទឹកប្រចាំថ្ងៃ សម្រាប់ប្រជាកសិករ នៅក្នុងតំបន់គម្រោង ។

ការលើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងស្តារ និងកែលម្អឡើងវិញប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹកខាងលិចទន្លេសាប (CP-P11&CP-P23) និងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងស្តារ និងកែលម្អឡើងវិញប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14&CP-P28) នៅសំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ថោ ជេដ្ឋា បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយប្រភពធនធានទឹក៨៦% នៃផ្ទៃដីប្រទេសទាំងមូល ស្ថិតក្នុងអាងទន្លេមេគង្គភាគខាងក្រោម សម្រាប់បម្រើឱ្យវិស័យនានាជាពិសេសវិស័យកសិកម្ម ដែលមានប្រជាជនប្រហែល៥៧%ជាកសិករ។ដំណាំស្រូវគឺជាផលិតផលសំខាន់និងជាឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលចូលរួមចំណែក ២២% នៃកំណើនសេដ្ឋកិច្ចជាតិ ។ ការស្តារ និងការជួសជុលឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការរបង្កើតនិងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកនិងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មដល់ប្រជាកសិករស្ថិតក្នុងតំបន់គម្រោង បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និង ប្រាក់ចំណូលរបស់ប្រជាកសិករមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាកសិករ ។

លោកថា ថ្វីបើប្រទេសកម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ ៦៣៧.០០០ តោន/ឆ្នាំ ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែមានតម្រូវការចាំបាច់ ក្នុងការស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ សម្រាប់បង្កើនផលិតកម្មកសិកម្ម បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ដែលចូលរួមចំណែក ដល់ការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាកសិករ ក្នុងគោលបំណងសម្រេចបាននូវគោលដៅរបស់គោលនយោបាយជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនិគោលដៅយុទ្ធសាស្ត្ររបស់យុទ្ធសាស្ត្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ ។

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមលោក ថោ ជេដ្ឋា ក៏បានលើកឡើងដោយបញ្ជាក់ផងដែរថាសមិទ្ធិផលថ្មីនៃគម្រោងទាំងពីរនេះគឺជាចំណងដៃការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលជប៉ុន ហើយសមិទ្ធិផលនេះដែរក៏បានចូលរួមចំណែកដល់ការធ្វើឱ្យសម្រេចបាននូវអាទិភាពគន្លឹះទី៣គឺ(ទឹក)និងបាវចនា៥(កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព)នៃយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិផងដែរ។គម្រោងទាំងពីរតាមរយៈការសាងសង់សំណង់ការងារដីនិងសមណង់សិល្បការណ៍ដ៏ច្រើននៃគម្រោងស្តារនិងកែលម្អលើងវិញប្របន្ធ័ស្រោចស្រពនិងប្រពន្ធ័ដោះទឹកខាងលិចទន្លេសាបស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង បានផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុប១៣.៣៩៣ហិកតា ដែលអ្នកទទួលផលពីគម្រោងមានចំនួន២៦.៣១៨គ្រួសារស្មើនឹង៥៧.៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី១.៥០តោនទៅ៣.៦០តោនក្នុងមួយហិកតា។ចំពោះគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ បន្ទាប់ពីការសាងសង់សំណង់ការងារដី និងសំណង់សិល្បការណ៍ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ គម្រោងនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣.៨៣១ ហិកតា ដែលអ្នកទទួលផលពីគម្រោងមានចំនួន៧.៩២៥ គ្រួសារ ស្មើនឹង ៤៤.១៥៧នាក់និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ៣,៨០ តោនក្នុងមួយហិកតា ។

ជាមួយគ្នានោះរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក៏បានសុំឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់គម្រោងចូលរួមសហការឱ្យបានជិតស្និទ្ធ ជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្ត្រដែលបានសាងសង់រួចឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះ ដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលប្រទេសជប៉ុន JICA ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានជួយ និងបន្តគាំទ្រព្រមទាំងចូលរួមយ៉ាងសកម្ម លើការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ជាពិសេស ការស្តារ និងការកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការកែលម្អជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាកសិករ ៕

ដោយ ៖ ប៊ុត សារុន