Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយ សិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ចើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាតចំនួន០៩នាក់ មកពី០៤ក្រុងស្រុក ផ្សេងគ្នានៃខេត្តបាត់ដំបង ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេស (A) ហើយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ ហេតុដូចនេះ សូមក្មួយៗប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត ។

បើតាមការលើកឡើងរបស់លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៩៣៥១នាក់ ស្រី៥១៣៧នាក់ ប្រឡងជាប់ ៦,១៥៣នាក់ស្រី៣,៦៤១នាក់ ស្មើ(៦៧.១៣%)ក្នុងនោះប្រឡងជាប់និទ្ទេសA ចំនួន៧៧នាក់ ស្រី៤៤នាក់, និទ្ទេសB ចំនួន៣៥៤នាក់ស្រី២២៣នាក់,និទ្ទេសCចំនួន ១០៥៩នាក់ ស្រី៦៨០នាក់, និទ្ទេសD ចំនួន ២,០៩០នាក់ស្រី១,៣០២នាក់,និងនិទ្ទេសE ចំនួន២,៥៧៨នាក់ ស្រី១,៣៩២នាក់ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ កុំព្យូទ័រយូដៃ០១គ្រឿង,
អង្ករ១០០គីឡូក្រាម,មី០៥កេស,ទឹកត្រី.ទឹកស៊ីអុីវ ០៥យួរ,ត្រីខ០៥យួរ ,ឃីត(មុង,ភួយ,ក្រមា ) និងថវិកាមួយចំនួនផងដែរ ក្នុងនោះឯកឧត្តមក៏បានឱ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជារៀបចំកសាងផ្ទះមួយខ្នងជូនដល់ក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារនៃសិស្សនិទ្ទេសA ដែលមានជីវភាពលំបាកជាងគេផងដែរ ៕
ដោយ ៖ សាលី