Connect with us

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលលើកទី២ ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះជាលើកទី២ នៃវគ្គបណ្តុះបណ្តាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រធានបទទី១នៅថ្ងៃទី២នេះ គឺ ៖ «សន្តិសុខសាយប័រសម្រាប់ទាំងអស់គ្នា» ដែលសិក្ខាកាមនឹងបានយល់ដឹងអំពីទស្សនទានសន្តិសុខសាយប័រ, យល់ដឹងអំពីហានិភ័យថ្មីៗ និងការគំរាមកំហែងតាមអ៊ុនធើណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ុនធឺណិត អ៊ីមែល និងបណ្តាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន, ចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ ធ្វើបទបង្ហាញដោយ លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។

ប្រធានបទទី២ គឺ៖ «ការការពារសុវត្ថិភាពឧបករណ៍ និងប្រព័ន្ធអ៊ីនធើណិត និងឯកជនភាព ទិន្នន័យរបស់ខ្លួនឯងផ្ទាល់ និងស្ថាប័ន» ធ្វើបទបង្ហាញដោយ៖ លោក សុខ សុវណ្ណ មន្ត្រីជំនាញផ្នែកសន្តិសុខសាយប័រ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមួយវគ្គៗបានធ្វើឡើងរយៈពេល២ថ្ងៃ ដែលគិតមកដល់ពេលនេះ មានអ្នកសារព័ត៌មានជាង ១០០នាក់ហើយបានចូលរួម។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ជូនអ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្ម វិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Messenger, Telegram, What’s App) ជាដើម ៕
ដោយ ៖ មង្គល