Connect with us

ព័ត៌មានជាតិ

រថយន្តសាំយ៉ុងដឹកពពែ ១គ្រឿង ក្រឡាប់ធ្លាក់ផ្លូវ សង្ស័យលួចដឹកពពែ ខុសច្បាប់ពីថៃមកកម្ពុជា

បន្ទាយមានជ័យ ៖ រថយន្តសាំយ៉ុង ១គ្រឿង បានក្រឡាប់ធ្លាក់ផ្លូវ នៃចិញ្ចើមផ្លូវជាតិលេខ៥ ចំណុចភូមិសុរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ខណៈដឹកពពែជាច្រើនក្បាល សង្ស័យជាពពែដែលលួចនាំចូលតាមច្រករបៀងខុសច្បាប់ ពីប្រទេសថៃមកកម្ពុជា ។

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ 2K-9748 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើត មិនដឹងមូលហេតុអី ក៏រ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវ បណ្តាលក្រឡាប់ផ្ងាជើង ចេញមកសុទ្ធតែពពែ ច្រកការ៉ុងឃើញតែក្បាលព្រាត ។

ដោយឡែកបើតាមអ្នកបើកបររថយន្តខាងលើ បានឱ្យដឹងថា មូលហេតុដែលក្រឡាប់រថយន្ត គឺ រថយន្តបែកកង់បណ្តាលឱ្យទាញចង្កូត ធ្លាក់ផ្លូវក្រឡាប់តែគ្មានរងគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ក្រៅតែខូចខាតរថយន្តកំពិត ហើយនឹងង៉ាប់ពពែជាច្រើនក្បាល់ ។

ក្រៅពីមូលហេតុនៃការក្រឡាប់ខាងលើ តៃកុងរថយន្តមិនបានប្រាប់ថា សត្វពពែដែលរថយន្តបានដឹកថានាំចូលពីណា ឬប្រភពមកពីណាមានច្បាប់ ឬអត់នោះទេ ប៉ុន្តែបើតាមប្រភពខ្លះបាននិយាយថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញពពែនេះ អាចនឹងដឹកចេញពីច្រកព្រំដែនកម្ពុជា-ថៃ ដោយខុសច្បាប់ ចូលមកចែកចាយក្នុងខេត្តបន្ទាយមានជ័យ ព្រោះបើដឹកពីកសិដ្ឋាន គួរតែមានការបញ្ជាក់ច្បាស់ ពីទីតាំងកសិដ្ឋាននោះ ស្ថិតនៅកន្លែងណាមួយរបស់ខេត្ត ប៉ុន្តែតៃកុងរថយន្ត បែរជាមិនអាចបញ្ជាក់ឈ្មោះកសិដ្ឋានរបស់ខ្លួនឡើយ ។

ទោះបីជាយ៉ាងណាក៍ដោយ ករណីនេះ មិនឃើញមានមន្ត្រីជំនាញណា ចុះមកពិនិត្យឡើយ ៕