Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោ ជេដ្ឋា បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនិងអាជ្ញាធរដែនដីចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹកនិងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចភូមិសាស្រ្តរាជធានីភ្នំពេញ  ដែលការចុះពិនិត្យការងារនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ថោ ជេដ្ឋា បានលើកឡើងថា គម្រោងការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក គឺដើម្បីបញ្ជូននិងពង្វាងទឹកដែលមានបរិមាណច្រើនប្រមាណ១៣០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលតែងយាយីបង្កហានិភ័យមកលើរាជធានីភ្នំពេញ និងបណ្តាតំបន់រណប ឱ្យហូរធ្លាក់ចូលទៅក្នុងអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ឱ្យបានឆាប់ ដែលការពង្វាងទឹកទាំងនេះគឺចាប់ពីតំបន់រលាំងជ្រៃខាងត្បូងក្នុងខេត្តកំពង់ស្ពឺតាមព្រែកខ្សាច់ ព្រែកដូនស្ទឹង ព្រែកពាមសត្ថា តាមអូរទាំងអស់ និងប្រឡាយនាំដីល្បាប់នានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្នុងឱកាសនោះរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមក៏បានចុះពិនិត្យការងារគម្រោង១-ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតក្នុងឃុំកាហែង ឃុំរលាំងចក ឃុំរលាំងគ្រើល ឃុំសែងដី ក្នុងស្រុកសំរោងទង សង្កាត់កណ្តោលដុំ សង្កាត់ស្វាយក្រវ៉ាន់ ក្នុងក្រុងច្បារមន ឃុំរកាកោះ ឃុំវាល ឃុំអង្គពពេល ឃុំព្រៃញាតិ ឃុំជង្រុក ឃុំស្នំក្រពើ ឃុំមហាឬស្សី ឃុំព្រៃវិហារ ក្នុងស្រុកគងពិសី និងឃុំទួលអំពិល ឃុំនិទាន ឃុំពោធិអង្ក្រង ក្នុងស្រុកបសេដ្ឋ និង ២-គម្រោងស្តារស្ទឹងតូច ស្ថិតក្នុងឃុំរលាំងចក ឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង និង ឃុំរកាកោះ ឃុំព្រះនិព្វាន ក្នុងស្រុកគងពិសីផងដែរ ។

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមក៏បានបញ្ជាក់ផងដែរថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធដើម្បីជំរុញ និងដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹង និងទន្លេ តាមរយៈការកំណត់តំបន់ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយស្រកទៅវិញ តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។ ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំផែនការអភិវឌ្ឍន៍ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពទឹកដល់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ។

លើកឡើងក្នុងឱកាសនោះដែរលោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានផ្ទៃរងទឹកភ្លៀងធំ ទោះជាខេត្តមានទំនប់ អាងច្រើន តែឱ្យមានភ្លៀងធ្លាក់លើសពីកម្រឹតស្តុក ជំនន់ទឹកភ្លៀងនិងកើតមានឡើង។ហើយស្ទើរជារៀងរាល់ឆ្នាំជំនន់នេះបានបង្កការជន់លិចទៅតាមតំបន់មួយចំនួនដែលស្ថិតនៅតាមសណ្តស្ទឹងព្រែកត្នោត ដោយក្នុងនោះរាជធានីភ្នំពេញតែងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។លោករំពឹងថាក្រោយការស្តារនិងកាយប្រឡាយមេបង្វាងទឹកឱ្យហូរធ្លាក់ចូលទៅក្នុងអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់បានរួចរាល់ ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺលែងជាក្តីបារម្ភសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលទៀតហើយ ៕

ដោយ ៖ ប៊ុត សារុន