Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា បេីកវគ្គផ្សព្វផ្សាយស្តីពី ចលនាកាកបាទក្រហម ជូនដល់និស្សិត នៃសាកលវិទ្យាល័យ UME

បន្ទាយមានជ័យ ៖ និស្សិតប្រុសស្រីប្រមាណជាង  ៦០នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តបន្ទាយមានជ័យ បានទទួលវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបន្ថែមស្ដីពី ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម  នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

លោកស្រី សុខ លាភា អនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឡើងធ្វើបទបង្ហាញជូនដល់និស្សិតនៃសាកលវិទ្យាល័យរួម បញ្ជាក់ថាកាកបាទក្រហមកម្ពុជា គឺជា ស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា  ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវប្រកាន់នូវគោលការណ៍គ្រឹះទាំងប្រាំពីរ រួមមាន ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង ឯកភាពឯករាជភាព អព្យាក្រឹតភាព និងសេវាកម្មស្ម័គ្រចិត្ត ។

លោកស្រីបានបន្តថា  ពិភពលោកកំពុងស្ថិតនៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញ ប្រជុំដោយបញ្ហាប្រទាក់ក្រឡាគ្នា ជម្លោះប្រដាប់អាវុធការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមានដែលគ្រោះអន្តរាយ កាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ចំពោះមនុស្ស សត្វ និង រុក្ខជាតិ ជំងឺឆ្លងពិតមែន តែគេអាចគ្រប់គ្រងបានមួយកម្រិត ប៉ុន្តែវីរុសបម្លែងថ្មី នៃជំងឺផ្សេង ៗ ទៀត កំពុងលេចឡើងជាបន្តបន្ទាប់ ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងតំបន់ប្រឈម និងបញ្ហាជាច្រើនក៏ព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងគ្រប់វិស័យ ធ្វើឱ្យកាកបាទក្រហមកម្ពុជា នៅតែអាចបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ កែលម្អជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពងាយរងគ្រោះ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា ដោយពុំទុកនរណាម្នាក់ចោលនោះឡើយ ៕