Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យសពសិស្សានុសិស្សចំនួន៤នាក់ ដែលស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ នៅស្រុករតនមណ្ឌល

(បាត់ដំបង) នៅរសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនិងលោកជំទាវព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពសិស្សានុសិស្សទាំង ៤នាក់ ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនុបពហុបំណងសេកសក នៅក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទីព្រឹក ខណៈពួកគេចេញពីរៀនបបួលគ្នាមកលេងទឹកនៅដងស្ទឹងសង្កែចំណុចខាងលើ បណ្តាលអោយលង់ទឹកចំនួន៦នាក់ ក្នុងនោះស្លាប់៤នាក់ និងសង្រ្គោះរួចជីវិត០២នាក់។

ក្មេងសិស្សសាលាដែលស្លាប់ដោយសារលង់ទឹកទាំង០៤នាក់រួមមាន៖
១.កុមារី សេង អុីនជឺលី អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧
២. កុមារី សេង ជូលីណា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨
៣.កុមារី អូ ហាន់ណានូរី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៧
៤-កុមារ៉ា ភាព ចិន្ដា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី១០ ដែលសពទាំង៤នាក់ខាងលើស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

នាឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់ ហើយស្ថិតក្នុងមរណទុក្ខនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សិស្សានុសិស្សទាំង៤ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ភារៈចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទាំង៤ក្នុងមួយសព រួមមាន៖អង្ករ ១០០ គីឡូក្រាម ,មី ២កេស ,ត្រីខ ២យួរ, ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ១លានរៀលផងដែរ។