Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យពលរដ្ឋ ងាកមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាពរដ្ឋវិញ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ងាកមកទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាពរដ្ឋវិញ ជាជាងការព្យាបាលប្រថុយប្រថាន តាមបែបប្រពៃណី នៅតាមសហគមន៍ ។

ការអំពាវនាវនេះធ្វើឡើងគ្រាដែល លោមដឹកនាំមន្ត្រីពាក់ពន្ធ័ និងមន្ទីរជំនាញសុខាភិបាល ចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពស្វាយចចិប ស្ថិតក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោក វ៉ី សំណាង បានលើកឡើងថា វិស័យសុខាភិបាលបច្ចុប្បន្ន បានក្លាយជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា តាមរយៈការលើកកម្ពស់ ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ ។

ជាមួយនេះ តាមមន្ទីរពេទ្យក៏បានបំពាក់នូវបរិក្ខាទំនើប ទាន់សម័យ រួមផ្សំនិងមន្ត្រីសុខាភិបាលដែលប្រចាំនៅតាមមណ្ឌលនិមួយៗ ពោរពេញដោយសមត្ថភាព វិជ្ជាជីវៈ ជំនាញច្បាស់លាស់ និងឱសថមានគុណភាព ។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការព្យាបាលដោយផ្សងព្រេងតាមរយៈការប្រើប្រាស់ថ្នាំតាមបែបប្រពៃណី នៅក្នុងសហគមន៍ ហើយងាកមករកការព្យាបាល នៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពវិញ គ្រាដែលវិទ្យាសាស្ត្រកាន់តែទំនើបនិងទាន់សម័យ ។

ជាមួយនោះលោក វ៉ី សំណាង បានធ្វើការណែនាំទៅដល់ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពស្វាយចចិប ឱ្យយកចិត្តទុកដាក់ និងប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោងដើម្បីធានាដល់ការផ្តល់សេវាព្យាបាល ជូនប្រជាពលរដ្ឋ ពិសេសស្ត្រី ដែលមានផ្ទៃពោះប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ។ មួយវិញទៀតមណ្ឌលសុខភាពត្រូវតែមានអនាម័យ និងបរិយាសល្អដើម្បីឱ្យធានាដល់ផាសុខភាពរបស់អ្នកដែលមកទទួលសេវាព្យាបាល ។

យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅរយៈកាលចុងក្រោយនេះ ប្រជាពលរដ្ឋដែលមកទទួលសេវាមានការកើនឡើងនៅគ្រប់មណ្ឌលសុខភាពទាំង៦០កន្លែងនិងមន្ទីរពេទ្យទាំង៤ទូទាំងខេត្ត។ហើយកត្តាដែលធ្វើឱ្យពលរដ្ឋងាកមកទទួលសេវានៅតាមមណ្ឌលសុខភាពរដ្ឋគឺមានកត្តាចំនួន៣គឺមណ្ឌលសុខភាពបានបើកទ្វារនិងមានក្រុមគ្រូពេទ្យប្រចាំការ២៤លើ២៤ម៉ោង អ្នកជំងឺមកទទួលសេវាម៉ោងណាក៏ជួបពេទ្យដែរ។មណ្ឌលមានបរិក្ខានិងថ្នាំពេទ្យគ្រប់គ្រាន់ ពិសេសការព្យាបាលមានគុណភាពនិងប្រសិទ្ធិភាព ៕

ដោយ ៖ ប៊ុត សារុន