Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ យកដែកកេសដុតភ្លើងលេង បណ្ដាលឱ្យឆេះផ្ទះ អស់ស្ទើទាំងស្រុង

បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើទាំងស្រុង នៅវេលាម៉ោងប្រហែល ១៥និង៣០នាទី ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី ៣៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរ បង្កឡើងដោយកូនក្មួយឈ្មោះ ឆេន វិឆៃ ភេទប្រុស អាយុ ៧ឆ្នាំ បានលេងបាយឡុកបាយឡូរួចក៏យកដែកកេសដុតជញ្ជាំងផ្ទះលេង បណ្ដាលឱ្យឆាបឆេះឡើងតែម្ដង ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ  ជញ្ជាំងស្លឹកដូង ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ ដន ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ទំហំនៃការខូចខាតរួមមាន ៖ ១-ផ្ទះចំនួន ០១ខ្នង (ខូចខាត ៨០%), ២-ម៉ាស៊ីនបូមទឹកចំនួន ០១គ្រឿង, ៣-ទូសម្រាប់ដាក់ខោអាវចំនួន ០២ ក្នុងនោះ(ទូក្រណាត់ ០១ និងទូកុងប្លាកកេ ០១), ៤-ឆ្នាំងអ៊ុតខោអាវចំនួន ០១, ៥-ម៉ាស៊ីនបាញ់ថ្នាំចំនួន ០១, ៦-ម៉ូទ័របាញ់ទឹកចំនួន ០១ សរុបជាទឹកប្រាក់អស់ប្រហែល ៧,០០០,០០០ (ប្រាំពីរលានរៀល) ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចមិនបានចេញឡានទឹកស្រុកទៅពន្លត់ទេ ព្រោះពេលទទួលបានព័ត៌មានត្រូវបានប្រជាពលរដ្ឋយកម៉ូទ័របូមទឹកជួយពន្លត់រលត់ទាំងស្រុងអស់ហើយ ៕
ដោយ ៖ សាលី