Connect with us

ព័ត៌មានជាតិ

សមាជិក សមាជិកា ជាង៥០០០នាក់ បានចូលរួមអបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជម្នះ៧មករា នៅបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកាជាង ៥០០០នាក់ បានអញ្ជើញក្នុងពិធីខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) នៅឯមុខបរិវេណសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង ។

ឯកឧត្តម សុខ លូ បានឡើងថ្លែងសុន្ទរកថាទាំងស្រុងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា (៧.មករា.ឆ្មាំ១៩៧៩-៧.មករា.២០២៤)

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៤៥ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២៤) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ហើយកម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមសមាជិក សមាជិកា សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕
ដោយ ៖ សាលី