Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ ៣នាក់​ ទៅតុលាការ ករណីធ្វើឲ្យខូចដោយចេតនា និងលួចមានស្ថានទម្ងន់ទោស

បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីធ្វើឲ្យខូចដោយចេតនា និងលួចមានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់ ខាងលើមាន ៖ ១-ឈ្មោះ​ ឆេង មុនីរ៉ាហ្វូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ២-ឈ្មោះ​ ធារ លឹមងួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ​ ហៀង វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្ត​កាលវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ​ គង់ រ៉ាវ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ២-​ឈ្មោះ​ លី រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ​ ឈាង សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា​ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤​ មានសង្ស័យ០១ក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅលើជនរងគ្រោះឈ្មោះ​ គង់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ដោយជនរងគ្រោះបានជិះម៉ូតូគេចខ្លួន​ ចូលក្នុងឃ្លាំងរថយន្តHD ហេីយក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដល់ឃ្លាំងលក់រថយន្ត និងបានធ្វេីសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាក PCX ពណ៌ស ផលិត ឆ្នាំ២០២៣ របស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួច​ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់កាបូប​ របស់ជនរងគ្រោះឈ្មោះ​ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕