Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ព្រែកព្រះស្ដេច កំពុងពន្លឿនអោយក្រុមហ៊ុន (ADB) ស្ថាបនា និងស្តាសងឡើងវិញ នូវផ្លូវកៅស៊ូជាច្រើនខ្សែ ដែលរងការខូចខាត

បាត់ដំបង ៖ ក្រោយមានការរៀបចំប្រព័ន្ធបណ្ដាញទឹកកខ្វក់របស់ក្រុមហ៊ុន(ADB)ធ្វើអោយផ្លូវកៅស៊ូនិងផ្លូវបេតុងជាច្រើនខ្សែនៅសង្កាត់ព្រែកព្រះស្ដេច ក្នុងក្រុងបាត់ដំបង រងការខូចខាត ក្នុងនោះរដ្ឋបាលសង្កាត់ព្រែកព្រះស្ដេច ដែលមានលោក ថូ សំរិទ្ធ ជាចៅសង្កាត់ កំពុងបាននិងជំរុញអោយក្រុមហ៊ុនពន្លឿនទាំងការងារស្ថាបនាថ្មី និងការងារស្តារសងឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះថា សម្រាប់សង្កាត់ព្រែកព្រះស្ដេចនេះ ផ្លូវសរុបមានច្រើនខ្សែ ក្នុងនោះផ្លូវធំៗមាន ៥៥ខ្សែ ផ្លូវលំតូចៗមាន ១៤៩ខ្សែ ដែលក្នុងនោះផ្លូវបេតុងមាន ១០ខ្សែ និងផ្លូវកៅស៊ូមាន ១៣ខ្សែ ហើយបច្ចុប្បន្ននេះផ្លូវដែលកំពុងធ្វើគឺជាផ្លូវស្តាឡើងវិញ ដែលជាការស្ថាបនាសងរបស់ក្រុមហ៊ុនទឹកកខ្វក់(ADB)តែជាថវិការបស់រាជរដ្ឋាភិបាល ជាគម្រោងថវិកាថ្នាក់ជាតិ។

លោកបន្តថា សង្កាត់ព្រែកព្រះស្ដេចមានសំណាងបានទទួលកាដូពីរាជរដ្ឋាភិបាលចំនួន០២ ទី០១រយះពេលកន្លងមកយើងទទួលបានប្រព័ន្ធADBមួយរបស់ជប៉ុន គឺប្រព័ន្ធរំដោះទឹកកខ្វក់(ទឹកមេ)ដែលពីមុនពេលភ្លៀងម្តងៗនៅខាងមុខសាលានេតយ៉ង់ និងលោកតាដំបងក្រញូង មានជិះពីដុងហែលទឹកបាន តែពេលនេះមិនមានទឹកដក់ទៀតទេ ហើយការដូទី០២គឺប្រព័ន្ធលូទឹកកខ្វក់ដែលការស្ថាបនាតាំងពីចុងឆ្នាំ២០២២ ហើយក្រុមហ៊ុនទឹកកខ្វក់នេះគេទទួលខុសត្រូវចំពោះការខូចខាតយើងទាំងស្រុង បើប៉ះផ្លូវកៅស៊ូ នៅពេលគេកាយហើយបញ្ចប់ការសាងសង់ គេអោយជាកៅស៊ូវិញ បើបេតុងគេអោយជាបេតុងវិញ។

ជាមួយគ្នានេះលោកក៏បានជម្រាបជូនទៅសាធារណៈជនទាំងអស់ នៅពេលដែលក្រុមហ៊ុនទឹកកខ្វក់កំពុងស្ថាបនាមានការប៉ះពាល់ហុយចូលផ្ទះបងប្អូនសូមអោយមានការជោគយល់និងអភ័យទោសផង ព្រោះការអភិវឌ្ឍតែងតែមានការប៉ះពាល់ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនអាជីវករ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទកុំអោយដឹកទំនិញលើសទំងន់ យើងត្រូវដឹកដោយគោរពតាមច្បាប់ដែលក្រសួងសាធារណការដែលបានកំណត់ ដើម្បីយើងថែរក្សាបាននូវហេដ្ឋារចនាសម្ព័ន្ធយើងទាំងអស់នេះអោយមានគុណភាព និងប្រើប្រាស់បានយូរអង្វែង៕