Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ បង្ក្រាបផលិតផលប្រហិតចម្រុះ ជិត១តោន ដុតបំផ្លាញចោល

បន្ទាយមានជ័យ ៖ ផលិតផលប្រហិតចម្រុះ ជិត១តោន ត្រូវបានសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប និងដុតបំផ្លាញចោលកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូតិ៍១កន្លែង ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លើរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី (Toyota Camry) ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 បើកបរដោយឈ្មោះ ម៉ៅ ម៉េត  ភេទប្រុស អាយុ៥៣ឆ្នាំ ដែលបានដឹកផលិតផលប្រហិត និងសាច់ចម្រុះ ក្នុងនោះមាន ៖ ១-ប្រហិតចម្រុះ(រុំថង់បិទស្គុត)  ចំនួន៦២៦គីឡូក្រាម, ២-សាច់មាននិងចុងស្លាបមាន់. ចំនួន១២៨គីឡូក្រាម, និង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គីឡូក្រាម សរុបមានចំនួន៧៨៣គីឡូក្រាម ។

លោក លន់ ស៊ីថា អនុប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ឲ្យដឹងដែរថា ករណីខាងលើនេះ បានប្រព្រឹត្តខុស ទី១-នាំចូលដោយគ្មានការអនុញាតិនៃជំនាញ ក.ប.ប ក៏ដូចជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស ពោលគឺ គេត្រូវរក្សាវាក្នុងកន្លែង ឬបន្ទប់ ដែលមានសីតុណ្ហភាពក្រោម ៧អង្សារសេ ។ ហើយបើខុសដូច្នេះ  ផលិតផលនឹងខូចគុណភាព ហើយវានឹងបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ ដូច្នេះហើយទើប សមត្ថកិច្ចចម្រុះ សុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ធ្វើការដុតបំផ្លាញចោលតែម្តង ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ចំពោះផលិតផលប្រហិតចម្រុះទាំងប៉ុន្មាន ត្រូវបានដុតបំផ្លាញចោល ដោយឡែក មធ្យោបាយដឹកជញ្ជូន និងតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ កសាសំណុំរឿងប្រគល់ជូនខាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសម្រេចតាមនីតិវិធី ៕