Connect with us

ព័ត៌មានកីឡា

កាកបាទក្រហមកម្ពុជា  បេីកវគ្គផ្សព្វផ្សាយ ស្តីពី ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិត UME 

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គផ្សព្វផ្សាយ ស្ដីពី ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម ជូនដល់និស្សិតនៃសាកលវិទ្យាល័យ UME បានយល់អំពីប្រវត្តិកាកបាទក្រហម ហេតុផលនៃបេសកកម្មមនុស្សធម៌ និងការកាត់បន្ថយភាពក្រីក្រ និងជួយដល់ជនរងគ្រោះជនងាយរងគ្រោះ ។

លោកស្រី  សុខ លាភា នាយិការងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ  បានលើកឡើងថា  វគ្គផ្សព្វផ្សាយជាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់និស្សិត យុវជន  ព្រោះថាយុវជន គឺជា  ទំពាំងស្នងឫស្សី យុវជនគឺជាអ្នកបន្តវេន  ដូច្នេះយុវជនគឺត្រូវមានការយល់ដឹងបន្ថែមទៀត ដើម្បីបង្ការខ្លួនពីមេរោគអេដស៍ សុខភាពបន្តពូជ សុខភាពផ្លូវកាយផ្លូវចិត្ត និងសង្គមជាតិ ទន្ទឹមនឹងនេះ យុវជនគឺជាមិត្តអប់រំមិត្ត   ជាគំរូសម្រាប់ការអប់រំផ្សព្វផ្សាយ បន្តដល់មិត្តភក្តិដទៃទៀត។

លោកស្រីបន្តថា ការអប់រំផ្សព្វផ្សាយ គឺជា ការងារអាទិភាពមួយ របស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ  ដែលតែងតែចុះអនុវត្តជាប្រចាំ ហើយជាក់ស្តែងនៅថ្ងៃនេះសាខាកាកបាទក្រហមខេត្ត  បានរៀបចំផ្សព្វផ្សាយ ដល់និស្សិតUME  ស្ដីពីប្រវត្តិរបស់កាកបាទក្រហមនិងបញ្ហាផ្សេងៗទៀត ។

លោកស្រី បានបញ្ជាក់ថា ទោះបីពិភពលោក  កំពុងប្រឈមបញ្ហាជាច្រេីន នៅក្នុងតំបន់ដូចជា សង្គ្រាមរុស្ស៊ី អ៊ុយក្រែន អ៊ីស្រាអែលប៉ាឡេស្ទីន គ្រោះមហន្តរាយធម្មជាតិ ការបម្រែបម្រួលអាកាសធាតុជាដើម ក៏ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តស្ថិតនៅក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ អភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឱ្យកាកបាទក្រហមកម្ពុជា នៅតែអាចបំពេញតួនាទីជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យ មនុស្សធម៌ កែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពងាយរងគ្រោះផ្ទះ និងបន្តជួយអ្នករងគ្រោះជាបន្តបន្ទាប់ទៀត ៕