Connect with us

ព័ត៌មានជាតិ

ប្រតិភូសមាជិកព្រឹទ្ធសភាបារាំង និងសមាគមកុមារជ័យ បន្តបង្កើនការឧបត្ថម្ភ គាំទ្រគម្រោងបង្រៀនភាសាបារាំង និងចលនាបរិស្ថានសាលារៀន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រតិភូសមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង និងសមាគមកុមារជ័យ ប្រទេសបារាំង បានបំពេញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន, នៅសាលាបឋមសិក្សាកុមារសង្គ្រោះ នៅសាលាខេត្តបន្ទាយមានជ័យ និងនៅប្រាសាទបន្ទាយឆ្មារ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចនេះ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត  លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក សុខ ចំណាន នាយកសាលា និងមន្ត្រីរាជការ ព្រមទាំងលោកគ្រូអ្នកគ្រួ សិស្សានុសិស្ស ជានាក់ផងដែរ ។

ប្រតិភូនេះដឹកនាំដោយលោក ហ្វ្រង់ស័្វរ ហ្ក្រូសឌីឌីយេ (H E  François Grosdidier) ជាសមាជិកព្រឹទ្ធសភា និងជាអភិបាលក្រុងម៉េស (Meiz ខេត្តម៉ូហ្សែល័រ (Mozelle); លោក Pascal babin  និងសមាគមកុមារជ័យ ដឹកនាំដោយលោក សាត វិច្ឆិកា ។ ដែលបេសកកម្មនេះ គឺ ដើម្បី ៖ ទី១- ជម្រុញ គាំទ្រលើការបង្រៀន រៀនភាសាបារាំង និងទី២-បំផុសអោយមានការគាំទ្រ លើកកម្ពស់បរិស្ថាន ។

លោក ហ្វ្រង់ស្វ័រ  ហ្កូសឌីឌីយេ  មានប្រសាសន៍ថា លោកជាអតីតមេភូមិហ្គូហ្គី  ហើយលោកបានចូលរួមគាំទ្រ សមាគមកុមារជ័យ ក្នុងនោះ បានអញ្ជើញសិស្សកម្ពុជា២នាក់ គឺ ពីវិទ្យាល័យ ហ៊ុន សែនខ្លាកូន  ធ្វើជាទូតសិស្សសាលា ទៅទស្សនកិច្ចនៅប្រទេសបារាំង លើគម្រោងចលនាលើកកម្ពស់បរិស្ថាន ។ ប្រទេសបារាំងនិងកម្ពុជាមានប្រវត្តិទំនាក់ទំនង និងជួយគ្នាជាយូរលង់មកហើយ ហើយក៏នៅតែបន្តជួយ និងសហប្រតិបត្តិការល្អជាមួយគ្នា ។

 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះលោកលោក ហ្វ្រង់ស័្វរ ហ្ក្រូសឌីឌីយេ  សមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង និងប្រតិភូ ដែលបានគាំទ្រដំណើរការ ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជាប្រមុខ ។ និងបាន ថ្លែងអំណរគុណលោក និងសមាគមកុមារជ័យបារាំងង ដែលបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងបង្រៀនភាសាបារាំង នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន និងសាលាបឋមសិក្សាកុមារសង្គ្រោះ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ KPN