រយៈពេល៥ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកៅស៊ូជាង ១៧០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២២ កម្ពុជានាំចេញជ័រកៅស៊ូជាង ១០ម៉ឺនតោន កើនឡើងប្រមាណ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនៅចំណូលពីការនាំចេញកៅស៊ូ មានទឹកប្រាក់ជាង ១៧០លានដុល្លារ។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា​ បាន​នាំ​ចេញ​ជ័រកៅស៊ូ ក្នុង​បរិមាណ​ជាង ១០ ម៉ឺន​តោន ក្នុង​រយៈពេល ៥​ខែ ឆ្នាំ ២០២២​នេះ មាន​ការ​កើន​ឡើង ៣ភាគរយ។

ចាប់​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ ២០២២​នេះ ការ​នាំ​ចេញ​ជ័រ​កៅស៊ូ សម្រេច​បាន​ចំនួន ១០៥ ០៤៨តោន កើនឡើង ៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ខណៈ​ដែល​ការ​នាំ​ចេញ​ឈើ​កៅស៊ូវិញ សម្រេច​បាន​ចំនួន ១៣ ០២៦​ម៉ែត្រ​គុប។

ចំណូល​សរុប​គិត​ត្រឹម​ខែ​ឧសភា ក្នុង​ឆ្នាំ ២០២២ ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ និង​ឈើកៅស៊ូ មាន​ចំនួន ១៧០ ២៨២ ០៣១​ដុល្លារ ដោយ​ក្នុង​នោះ ចំណូល​ពី​ការ​នាំ​ចេញ​ជ័រ​កៅស៊ូ មាន​ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ ​និងចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ១ ៨១៣ ៣៩១ ដុល្លារ។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ឆ្នាំ ២០២១ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤ ០៤៤ហិកតា ក្នុង​នោះ ផ្ទៃដី​ចៀរជ័រ​មាន​ចំនួន ៣១០ ១៩៣ហិកតា កើន​ឡើង​ជាង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០។

តាម​រយៈកំណើន​នេះ អគ្គនាយកដ្ឋានកៅស៊ូ​បាន​ព្យាក​រណ៍​ថា ចាប់​ពី​ឆ្នាំ ២០២២ តទៅ កម្ពុជា​នឹង​អាច​នាំ​ចេញ​កៅស៊ូ​បាន​ជាមធ្យម ៤០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ​ដោយ​នឹង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ក៏​ដូចជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ផងដែរ៕

CATEGORIES
Share This