Connect with us

ព័ត៌មានជាតិ

នគរបាលប្រចាំការច្រកទ្វារអន្តរជាតិដូង វាយក្បាលមន្ត្រីនគរបាលដូចគ្នា បណ្តាលអោយរបួសហូរឈាមស្រោចខ្លួន

ខេត្តបាត់ដំបង៖ ព្រោះតែសង្គ្រាមពាក្យសំដីធ្វើអោយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងម្នាក់យកដំបងវាយទៅលើមន្ត្រីនគរបាលដូចគ្នាជាច្រើនដំបងបណ្តាលអោយរងរបួសហូរឈាមស្រោចខ្លួន ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមបណ្តឹងរបស់លោកវរ:សេនីយ៍ត្រី ហែម វិបូឡា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ខ្លួនបានយាមនៅមាត់ច្រកអន្តរជាតិដូង លុះដល់ម៉ោង២០និង០០នាទី ក៏ឈ្មោះ ហេង គឹមសៀង ភេទប្រុស ជានគរបាលដូចគ្នាក៏មកយាមបន្តពីវេនរបស់ខ្លួន ពេលនោះគាត់ស្លៀកពាក់អាវយឺតស ទ្រនាប់ជើងផ្ទាត់ ខ្លួនឃើញអញ្ជឹងក៏និយាយថា ធ្វើជានគរបាលមកបំពេញការងារមិនពាក់អាវឯកសណ្ឋាន ហើយឈ្មោះ ហេង គឹមសៀង ស្រែកថាអីហា រួចខ្លួនក៏ឡើងម៉ូតូមកផ្ទះ។

ក្នុងបណ្តឹងដដែលបានបន្តទៀតថា លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទី ខ្លួនកំពុងតែយាមនៅមាត់ច្រកអន្តរជាតិដូង ឈ្មោះ ហេង គឹមសៀង បានជិះរថយន្តរបស់គាត់ទៅឈប់ក្នុងកាសស៊ីណូ រួចគាត់ក៏ដើរសំដៅមករកខ្លួនរួចសួរថា ហែងមិចចេះតែរករឿងអញចឹង ខ្លួនឆ្លើយថាមិនដឹងទេ រួចឈ្មោះ ហេង គឹមសៀង ក៏យកដំបងមកវាយក្បាលខ្លួនបែកផ្នែកខាងលើ និងចំក្រោមចង្កា បណ្តាលអោយរងរបួស។

ហើយក្រោយមកលោកក៏បានដាក់បណ្តឹងដោយសំណូមពរឲ្យសមត្ថកិច្ចយកឈ្មោះ ហេង គឹមសៀង ដែលវាយក្បាលខ្លួនចាត់ការតាមនីតិវិធីច្បាប់៕