Connect with us

សន្តិសុខ និង សង្គម

ដុតសម្រាម ក្នុងបរិវេណស្តង់ដំឡូងមី ឆេះសន្ធោរសន្ធៅ ផ្អើលប្រជាពលរដ្ឋ

ប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ  ចេញពីបរិវេណស្តង់ដំឡូងមីមួយកន្លែង ដោយមាគេស្មានថា ជាករណីអគ្គីភ័យឆាបឆេះស្តង់ដំឡូងមី តែតាមពិតជា ការដុតសម្រាម និងគំនរស្នូលពោតប៉ុណ្ណោះ ។

ហេតុការណ៍នេះ កើងឡើងនៅវេលាម៉ោង៦ និង២០នាទី ព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណស្តង់ដំឡូងមីនមួយកន្លែង ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

មន្រ្តីយោធាម្នាក់ បានឱ្យដឹងថា លោកបានក្រឡេកមើលពីកន្លែងបន្ទាយរបស់ខ្លួន នៅក្នុងភូមិដីក្រហម ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះខ្មួលខ្មាញ់យ៉ាងសន្ធោរសន្ធៅខ្ពស់ឡើងលើមេឃ ដោយលោកនឹកស្មានតែភ្លើងឆេះស្តង់ដំឡូងមីមួយនេះ ក៏ប្រញាប់បើកបរម៉ូតូយ៉ាងលឿន លុះមកដល់ឃើញភ្លើងកំពុងតែឆាបឆេះស្នូលពោត និងសម្រាមងាប់ៗ  នៅក្នុងស្តង់ប៉ុណ្ណោះ មិនមែនឆេះស្តង់ដំឡូងមីនោះទេ ។ ពេលលោកដើរទៅសួរនាំម្ចាស់ ស្តង់ដំឡូងមីខាងលើ គេឆ្លើយយ៉ាងខ្លីថា ដោយសារក្មេងឃ្វាលគោជាអ្នកលួចដុតព្រៃ ទើបបណ្តាលឱ្យរាលឆេះចូលក្នុងស្តង់របស់ខ្លួន តែមិនបង្កឱ្យមានអគ្គីភ័យឆេះស្តង់ឡើយ ព្រោះម្ចាស់ស្តង់នៅឈរចាំការពារជាប់ជានិច្ច។

ចំណែកប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ការដុតភ្លើងនៅក្នុងស្តង់ដំឡូងមីនេះ មិនមែនឆេះរាលមកពីកន្លែងផ្សេងនោះទេ គឺ គេសង្ស័យថា ម្ចាស់ជាអ្នកដុតនៅក្នុងស្តង់របស់ខ្លួនតែម្តង ។ ពេលឃើញអណ្តាតភ្លើង ឆាបឆេះយ៉ាងខ្ពស់ត្រដែតបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋម្នាក់ៗ មានការព្រួយបារម្ភខ្លាំង ក្រែងឆេះរាលទៅដល់ចម្ការស្វាយកែវរមៀត ឬមៀនប៉ៃលិន និងចម្ការផ្សេងៗ ជាហេតុធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ទើបនាំគ្នាចុះទៅពិនិត្យមើលតែម្តង ៕

ដោយ ៖ Pa J