Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ៦៧ ប្រវែងជាង៣គីឡូម៉ែត្រ ត្រូវធ្វើការជួសជុលឡើងវិញ ដោយថវិការបស់រដ្ឋាភិបាល

ឧត្តរមានជ័យ៖ កំណាត់ផ្លូវជាតិលេខ៦៧ ចាប់ចំណុចផ្លូវកែងអក្សរតេ ឆ្ពោះទៅស្រុកអន្លង់វែង ប្រវែងជាង៣គីឡូម៉ែត្រ ដែលរងការខូចខាតខ្លាំង ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការជួសជុលឡើងវិញ ដែលជាកញ្ចប់ថវិការរបស់រដ្ឋាភិបាល។

លោក ប៉ាង សំអាត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា កំណាត់ផ្លូវ​ជាតិ​លេខ៦៧ នៅចំណុចកែងអក្សរតេនេះ កន្លងមក​មានការខូចខាត​ជា​លក្ខណៈ​សំបុកមាន់​ខ្លាំង​ព្រោះផ្លូវនេះ គឺជាផ្លូវចរន្តសេដ្ឋកិច្ចមួយដែលមានឡានដឹកទំនិញឆ្លងកាត់ច្រើន។

លោក បន្តថា កត្ដាទាំងអស់នេះហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់​ដឹក​កសិកផល​និងដឹកទំនិញផ្សេងៗ ប្រកប​ដោយ​ភាពងាយ​ស្រួលនោះ ទើបរដ្ឋាភិបាលផ្តល់​នូវ​កញ្ចប់​ថវិកា​ ដើម្បី​ធ្វើការជួសជុលកំណាត់ផ្លូវនេះ ឱ្យ​មានភាពល្អប្រសើរឡើង ​ក្នុងការធ្វើដំណើររបស់ពលរដ្ឋ​ប្រកប​ដោយសុវត្ថិភាព ដើម្បី​បញ្ចៀស​នូវរាល់បញ្ហាប្រឈម ​និងគ្រោះថ្នាក់ផ្សេងៗកន្លងមក ដែល​កើតឡើង​ជាយថាហេតុផងដែរ៕